កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនលោកអភិបាលរងខណ្ឌមួយរូបក្នុង «អំពើផិត»

សៀមរាប ៖ លោកអភិបាលរងខណ្ឌ៧មករាមួយរូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនក្នុង «អំពើផិត» ខណៈកំពុងស្នាក់នៅជាមួយស្រីស្នេហ៍ម្នាក់ក្នុងបន្ទប់ខុនដូមួយ ហើយការឃាត់ខ្លួនខាងលើនេះគឺយោងតាមបណ្តឹងរបស់ភរិយាស្របច្បាប់។

មន្ត្រីអាវុធហត្ថនិយាយថា ដោយបានការអនុញ្ញាតពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់ Condo មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីដដែលបន្តថា ខណៈនោះកម្លាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ (អភិបាលរងខណ្ឌ៧មករា) កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា។

មន្ត្រីដដែលបន្តថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រីទាំង២នាក់មកការិយាល័យជំនាញដើម្បីសាកសួរពាក់ព័ន្ធនឹង «អំពើផិត»។  

ក្រោយពីការស្តាប់ចម្លើយរបស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំត្រូវជាស្រីស្នេហ៍ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

មន្ត្រីអាវុធហត្ថបន្តទៀតថា ការដែលឈានទៅដល់ការបង្រា្កបខាងលើនេះដោយសារតែមានបណ្តឹងពីស្រ្តីជនរងគ្រោះឈ្មោះ ជ.ក.ណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ មានទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ៕

-->
adverise with khmeread