ទុស្សេខ្សែភ្លើងរថយន្តដឹកថ្នាំពេទ្យនៅស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីឆ្លងចរន្តអគ្គីសនីបណ្ដាលឱ្យឆេះរថយន្ត០១គ្រឿងកើតឡើង នាថ្ងៃ ចន្ទទី១ ខែកុម្ភៈ ឆ្នាំ២០២១ ​វេលាម៉ោង១ និង២៧នាទីរសៀលនេះ នៅចំណុចផ្លូវបេតុង ក្នុងភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

សមត្ថកិច្ចនិយាយថា រថយន្ត០១គ្រឿងដែលឆេះម៉ាក ISTANA Super Prime ពណ៌ស ស្លាកលេខ ភ្នំពេញ 2AG-4419។ 

តាមការបំភ្លឺរបស់ឈ្មោះ ឃួន ហុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្ត និងជាបុគ្គលិកក្រុមហ៊ុន វ៉ាយ.វ៉ាយ.ខេ.អេច (ត្រេឌីង) ឯ.ក(ថ្នាំពេទ្យ) នៅភ្នំពេញ បានបើករថយន្តដឹកថ្នាំពេទ្យទៅដាក់ឱ្យម៉ូយតាមដេប៉ូ។ បន្ទាប់មកបានធ្វើដំណើរមកវិញមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានទុស្សេខ្សែភ្លើង (ឆ្លងចរន្តអគ្គីសនី) ឆេះរថយន្តតែម្តង បណ្តាលឱ្យរថយន្តនិងសម្ភារៈគឺខូចខាតស្ទើរទាំងស្រុង។

ក្រោយទទួលព័ត៌មានកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលគគីរ បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយបងប្អូប្រជាពលរដ្ឋ បានអន្តរាគមន៍ពន្លត់ឱ្យរលត់តែម្តង។ បើតាមការសន្និដ្ឋានបឋមរបស់ប៉ូលិសថា «ករណីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី»៕

-->
adverise with khmeread