កម្លាំងអាវុធហត្ថឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធ២បទល្មើសនៅស្រុកមោងឫស្សី

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី សហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យជួញដូរមនុស្ស បានចុះដល់ចំណុចបន្ទប់ជួលលេខ០៩ ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ទាយ យេ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងបានចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន០៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង។

មន្ត្រីដដែលបន្តថា ការឃាត់ខ្លួនដោយមូលហេតុ ជនសង្ស័យបាននាំជនរងគ្រោះឈ្មោះ ល.ស.ល. ភេទស្រីអាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង៧ និង៣០នាទីយប់ ជាប់ពាក់ព័ន្ធពីបទនាំយកក្មេងស្រីជាអនីតិជនចាកចេញពីផ្ទះដោយមិនស្របច្បាប់។

បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះព្រមទាំងវត្ថុតាង បានប្រគល់ឱ្យទៅកងរាជអាវុធហត្ថ ខេត្តបន្ទាយជ័យ ចាត់ការតាមនីតិវិធីនៃច្បាប់៕
 

-->
adverise with khmeread