សកម្មជនថៃចូលរួមជាមួយបាតុករភូមានៅទីក្រុងបាងកកថ្កោលទោសរដ្ឋប្រហារទម្លាក់លោកស្រីស៊ូជី

សកម្មជនថៃបានចូលរួមជាមួយក្រុមបាតុករមកពីប្រទេសមីយ៉ាន់ម៉ាកាលពីរសៀលថ្ងៃចន្ទដើម្បីប្រឆាំងនឹងរដ្ឋប្រហារដែលបញ្ចប់ការគ្រប់គ្រងស៊ីវិលនៅប្រទេសជិតខាងខ្លួន។

សកម្មជនថៃមួយចំនួនធំបានទៅស្ថានទូតមីយ៉ាន់ម៉ានៅដងផ្លូវសាថន ដើម្បីចូលរួមជាមួយក្រុមអ្នកតវ៉ាមកពីមីយ៉ាន់ម៉ានិងប្រទេសដទៃទៀតដើម្បីថ្កោលទោសរដ្ឋប្រហារ និង ទាមទារឱ្យរដ្ឋាភិបាលថៃថ្កោលទោសដែរ។

ក្រុម "យើងស្ម័គ្រចិត្ត" (WeVo) ដែលជាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ប្រទេសថៃមិនគាំទ្រនិងចាត់ទុកស្របច្បាប់ចំពោះរដ្ឋប្រហារនេះក៏ដូចជារដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារនោះឡើយ"។

"យើងសូមបញ្ជាក់ថាក្នុងនាមជាសមាជិកអាស៊ាន យើងមិនអាចនៅស្ងៀមបានទេបន្ទាប់ពីមានអំពើអាក្រក់និងខុសច្បាប់បែបនេះ"។

កងទ័ពមីយ៉ាន់ម៉ាបានឃុំខ្លួនមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោកស្រីអ៊ុងសានស៊ូជីនិងអ្នកនយោបាយដទៃទៀតនៅព្រឹកថ្ងៃចន្ទ មុនពេលប្រកាសស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ ដោយអតីតឧត្តមសេនីយ៍ Myint Swe ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។

លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃបាននិយាយថា រដ្ឋប្រហារគឺជា "កិច្ចការផ្ទៃក្នុង" របស់មីយ៉ាន់ម៉ា។

ប៉ុន្តែសកម្មជនឈ្មោះ Piyarat Jongthep នៃក្រុម WeVo បានជំទាស់នឹងទស្សនៈនេះ ដោយនិយាយថា "យើងមិនទទួលយកបានឡើយនូវរដ្ឋប្រហារ ទោះវាធ្វើឡើយដោយអ្នកណាក៏ដោយ"។

លោក Parit Chiwarak ជាសមាជិកសំខាន់នៃរណសិរ្សបង្រួបបង្រួមធម្មសាតនិងបាតុកម្ម បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសទាំងពីរគឺប្រហាក់ប្រហែលគ្នា ខណៈថៃក៏ធ្លាប់បានចំណាយពេលជាច្រើនឆ្នាំក្រោមរបបផ្តាច់ការយោធាដែរ៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread