ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ថា ចិនទំនងត្រៀមខ្លួនសម្រាប់លទ្ធភាពធ្វើសង្គ្រាម ក្រោយធ្វើសមយុទ្ធមាត់ឆ្នេររាល់ថ្ងៃតាំងពីដើមខែមករា

របាយការណ៍ព័ត៌មានតៃវ៉ាន់អះអាងថា ចិនបានបញ្ជូនយន្តហោះចម្បាំងស្ទើរតែរាល់ថ្ងៃក្នុងខែមករាដើម្បីធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ដើម្បីត្រៀមសម្រាប់លទ្ធភាពធ្វើសង្គ្រាម។

យន្ដហោះយោធាចិនត្រូវគេប្រទះឃើញចូលដែនអាកាសតៃវ៉ាន់ក្នុងរយៈពេលសរុប ៣០ ថ្ងៃផ្សេងគ្នាកាលពីខែមុន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់។

កាសែតជាតិនិយមចិន Global Times បានព្រមានថា ការជ្រៀតចូលរបស់រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានចាត់ទុកថាជាការត្រៀមលក្ខណៈសម្រាប់លទ្ធភាពធ្វើសង្គ្រាមតាមរយៈសមយុទ្ធ។

ការព្រមានខ្លាំងៗនេះកើតឡើងនៅពេលដែលចិនបង្កើនភាពតានតឹងជាមួយកោះតៃវ៉ាន់ដោយបង្កើនសកម្មភាពយោធានិងប្រកាសថា "ឯករាជ្យមានន័យថាសង្គ្រាម" កាលពីសប្តាហ៍មុន។

កោះតៃវ៉ាន់ត្រូវបានចិនអះអាងថាជាទឹកដីមួយរបស់ខ្លួន ដោយក្រុងប៉េកាំងបានដាក់ពង្រាយយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកចូលដែនអាកាសកោះនេះកាលពីចុងសប្តាហ៍។

ចិនជឿជាក់ថារដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់កំពុងផ្លាស់ប្តូរកោះឆ្ពោះទៅរកការប្រកាសឯករាជ្យជាផ្លូវការ ប៉ុន្តែប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយម្តងហើយម្តងទៀតថាកោះនេះគឺជាប្រទេសឯករាជ្យរួចទៅហើយ។

ទោះបីជាបែបនេះក្តីប្រទេសចិនបានបង្កើនសមយុទ្ធយោធានៅជិតកោះនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះរួមទាំងការដាក់ពង្រាយយន្តហោះចម្បាំងចំនួន ១៥ គ្រឿងចូលក្នុងដែនអាកាសកោះតៃវ៉ាន់ចំនួនពីរដងក្នុងរយៈពេលពីរថ្ងៃកាលពីខែមុន៕ ប្រភព ៖ Daily Mail

-->
adverise with khmeread