ម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹងម្ខាងស្លាប់ និងម្ខាងរងរបួសធ្ងន់នៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់សន្លប់ធំ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុលបុកគ្នាពេញទំហឹងកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃអង្គារទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខសាលាបឋមសិក្សាឃ្មួញ (ជិតរបងវត្តឃ្មួញ) តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានភិនភាគសម្បុរខ្មៅស្រអែម កម្ពស់ប្រហែលមួយម៉ែត្រ60 ស្លៀកខោខូវប៊ូយពណ៌ប្រផេះ ពាក់អាវយឺតខាងក្នុងពណ៌ស ពាក់អាវសាច់ក្រណាត់ខាងក្រៅដៃវែងពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាតាពណ៌ខ្មៅឆ្នូតក្រហម មិនដឹងថាជិះម៉ូតូមួយគ្រឿងណាទេ។ ឯអ្នករងរបួសម្នាក់ទៀតក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរ។

ចំណែកម៉ូតូទីមួយម៉ាកស្កូបពី ពណ៌ខ្មៅលាយស ពាក់ស្លាកលេខត្បូងឃ្មុំ 1A-9479 និងម៉ូតូមួយគ្រឿងទៀតម៉ាក RSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR-1903។ នៅកន្លែងកើតហេតុគេឃើញម៉ូតូ២គ្រឿងនៅលើផ្លូវភ្នំពេញ-ហាណូយ មានអ្នកស្លាប់ម្នាក់និងអ្នករងរបួសម្នាក់នៅកណ្ដាលផ្លូវ ហើយភ្លាមៗក៏មានរថយន្តមកដឹកអ្នករបួសទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ។

ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគ្មានអ្នកណាម្នាក់ឃើញផ្ទាល់នឹងភ្នែកច្បាស់ទេ។ ម្ល៉ោះហើយពិភពច្បាស់ការក៏មិនទាន់ដឹងនៅឡើយដែរ គឺរង់ចាំសមត្ថកិច្ចឆែកកាមេរ៉ានៅកន្លែងកើតហេតុ ព្រោះមានឃ្លាំងលក់រថយន្តមួយកន្លែងមានកាមេរ៉ាសុវត្ថិភាព។ ពេលនោះអាចនឹងដឹងច្បាស់ថា ម៉ូតូមួយណាជាអ្នកស្លាប់និងម៉ូតូមួយណាជាអ្នករងរបួស ហើយចេញពីផ្លូវណាពីឆ្វេងទៅស្ដាំឬក៏ពីជើងទៅត្បូង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ៕


 

-->
adverise with khmeread