ឃាត់បុរសម្នាក់ប្រើហិង្សាវាយជាងឡានម្នាក់បែកក្បាលនៅស្រុកមុខកំពូល

កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតដោយចេតនា នៅចំណុចក្នុងយានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះតុង បូរិន្ទ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២១ វេលាម៉ោង១០យប់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ​ តុង បូរិន ភេទប្រុស អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ជាងជួសជុលរថយន្ត មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ រងរបួសចំក្បាលពីលើភ្នែកខាងស្ដាំដេរចំនួន០៣ថ្នេរ។

ចំណែកជនសង្ស័យឈ្មោះភឿន សំអុល ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលរថយន្តមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ វត្ថុកាងចាប់យក ១.ពូថៅដងធ្វើអំពីឈើប្រវែង៤៥សង់ទីម៉ែត្រផ្លែមានទំហំ៧.៥សង់ទីម៉ែត្រចំនួន០១ និង២.ដុំថ្មចំនួន០១ដុំ​។

ប៉ូលិសបន្តថា ដំបូងជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយនៅពេលផឹកស៊ីស្រវឹងម្ដងៗតែងតែប្រើអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ លុះដល់ថ្ងៃទី​៣១ មករា ឆ្នាំ២០២១ វេលាម៉ោង១១ ជនសង្ស័យបានតេទូរស័ព្ទទៅជនរងគ្រោះសូមកាត់ទ្វារ រថយន្តនៅក្នុងយានដ្ឋានជួសជុល ដើម្បីយកទៅជួសជុលរថយន្តឱ្យគេនៅភ្នំពេញ​។​

ពេលនោះជនរងគ្រោះក៏បានយល់ព្រមឱ្យជនសង្ស័យកាត់ទ្វារចាស់ៗ ​ដែលទុកចោលនៅក្នុងយានដ្ឋាន។ លុះដល់វេលាម៉ោង១០ និង៣០នាទីយប់ជនរងគ្រោះបានមកពីកម្មវិធី នៅផ្ទះរបស់ឈ្មោះ រស់ ​។ ពេលមកដល់យានដ្ឋានរបស់ខ្លួនវិញជនរងគ្រោះ បានឃើញជនសង្ស័យកំពុងអង្គុយហូបបាយនៅលើគ្រែក្នុងយានដ្ឋាន ពេលនោះជនរងគ្រោះក៏បានសួរ ទៅជនសង្ស័យថា «អុលម៉េចបានកាត់ទ្វារឡាន៥តោន មិនកាត់ទ្វារឡាន២តោនកន្លះទៅ»។

ពេលនោះជនសង្ស័យបានឆ្លើយថា «អញរកទ្វារឡានពីតោនកន្លះអត់ឃើញ ​អញក៏កាត់ទ្វារឡាន៥តោននិងទៅ! ម៉េចអញកាត់មិនបានទ្វារអាចម៍អញ្ចឹងវាគ្មានប្រយោជន៍ទុកក៏គ្មាននរណាទិញដែរ​។ ជនរងគ្រោះក៏បាននិយាយទៅវិញថា «គ្មានប្រយោជន៍សម្រាប់អូនឯងទេតែគេទុកនឹងមានប្រយោជន៍បានគេទុក»។ 

ស្រាប់តែពេលនោះជនសង្ស័យបានរើសដុំថ្មដែលនៅជិតខ្លួន យកមកវាយទៅលើជនរងគ្រោះ និងបម្រុងវាយរថយន្តរបស់ជនរងគ្រោះថែមទៀត ហើយឈ្មោះ ភឿន សំអាត ត្រូវជាបងថ្លៃរបស់ជនរងគ្រោះបានមកចាប់ឃាត់។ ​បន្ទាប់មកជនសង្ស័យក៏បានស្ទុះទៅយកពូថៅទៅវាយលើរថយន្ត ដែលគេយកមកជួសជុលនៅក្នុងយានដ្ឋានធ្វើឱ្យខូចខាតជាច្រើនទៀត រួចហើយជនសង្ស័យក៏បានទៅប្រមូលខោអាវរបស់ជនរងគ្រោះយកទៅដុតបំផ្លាញចោលថែមទៀត។

បន្ទាប់មកជនរងគ្រោះបានមកប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកតំបង។ ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍​។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាព ​យកដុំថ្មវាយទៅលើជនរងគ្រោះ និងវាយបំផ្លាញរថយន្តនៅក្នុងយានដ្ឋាន ព្រមទាំងដុតខោអាវរបស់ជនរងគ្រោះពិតមែន»។
  
ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល។ ករណីនេះប៉ូលិសជំនាញស្រុកនិងប៉ុស្តិ៍បានកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕


 
 

-->
adverise with khmeread