Bruno Fernandes អះអាងថា ខ្លួនឹងជួយក្រុម Manchester United កសាងជ័យជម្នះបន្ថែមទៀត

        ខ្សែបម្រើ Bruno Fernandes បានប្រារព្ធខួបលើកដំបូងសម្រាប់ការចូលរួមជាមួយនឹងក្លឹប Manchester United ដោយប្រាប់អ្នកគាំទ្រថា ខ្លួនសង្ឃឹមថា នឹងនៅពហុកីឡាដ្ឋាន Old Trafford ច្រើនឆ្នាំទៅមុខទៀត។

        កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានចាកចេញពីក្លឹប Sporting CP កាលពីខែមករាក្នុងតម្លៃ ៤៧លានផោន ហើយធ្វើបានល្អចាប់តាំងពីពេលនោះមក។

        ដោយបានបង្ហាញមុខ ៥៣លើកនៅគ្រប់ការប្រកួត កីឡាកររូបនេះរកបាន ២៨គ្រាប់និងបង្កើតឱកាស ១៨លើក។ ការចូលរួមរបស់កីឡាកររូបនេះអាចចាត់ទុកថាជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងកីឡាករមួយចំនួនធំនៅក្របខណ្ឌ Premier League ។

        ប៉ុន្តែថ្លែងបន្ទាប់ពីក្រុមរបស់ខ្លួនប្រកួតស្មើ ០-០ ជា៼មួយក្រុម Arsenal ខ្សែបម្រើពោរពេញដោយទេពកោសល្យរូបនេះអះអាងថា ខ្លួនមិនទាន់ពេញចិត្តនៅឡើយទេ បើទោះបីជាធ្វើបានល្អពេញមួយរដូវកាលដំបូងនៅអង់គ្លេសហើយក៏ដោយ។

         Fernandes បានបង្ហោះសារថា " ប្រាកដណាស់ មិនមែនជាលទ្ធផលដែលខ្ញុំចង់បាន ដើម្បីអបអរឆ្នាំដំបូងរបស់ខ្ញុំក្នុងឋានៈជាកីឡាកររបស់ក្រុមបិសាចក្រហមទេ ប៉ុន្តែយើងនឹងធ្វើការងារបន្ថែមទៀត ដើម្បីកែលម្អ"។

         Fernandes បន្តថា "វាគឺជាកិត្តិយសណាស់ដែលបានលេងនៅក្លឹប Man Utd ។ ប្រវត្តិរបស់ក្លឹបនេះគឺពោរពេញដោយជ័យជម្នះនិងឈ្នះច្រើន។ ខ្ញុំមកទីនេះ ដើម្បីជួយបន្តមរតកនេះ ហើយខ្ញុំនឹងមិនសម្រាករហូតដល់ខ្ញុំធ្វើបានសម្រេច"៕

-->
adverise with khmeread