ក្មេងស្រីខ្មែរឥស្លាមបម្រើនៅម៉ាឡេស៊ី ត្រូវម្ចាស់ផ្ទះកាត់ត្រចៀកមកដល់ស្រុកខ្មែរហើយ

ភ្នំពេញ ៖ ក្មេងស្រីខ្មែរឥស្លាមបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរជួយធ្វើអន្តរាគមន៍សង្គ្រោះ ហើយបានត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាពវិញហើយ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានផ្ដល់ព័ត៌មានផ្លូវការនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្មេងស្រីខ្មែរឥស្លាមដែលបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀកនោះ ត្រូវបានអាជ្ញាធរខ្មែរសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតព្រះរាជាណាចក្រណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍សង្គ្រោះដោយជោគជ័យ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជា នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង៤៥នាទីរសៀល តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ5008 ។ 

លោកបន្តថា ពលការិនីរងគ្រោះដោយអំពើព្រៃផ្សៃនេះឈ្មោះ អូស្មាន ក្រីម៉ះ ភេទស្រី អាយុ១៦ឆ្នាំ។ បច្ចុប្បន្នកំពុងអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។

គួររម្លឹកថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិបានពិនិត្យឃើញថា មានការចែករំលែកជាបន្តបន្ទាប់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីហិង្សាដែលកើតឡើងលើពលការិនីជនជាតិខ្មែរអ៊ីស្លាមម្នាក់នៅប្រទេសម៉ាឡេស៊ី។ ករណីនេះត្រូវបានដាក់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិ ដើម្បីអនុវត្តជំនាញ និងជួយធ្វើអន្តរាគមន៍។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានឱ្យដឹកាលពី នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថា ស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់ដែលត្រូវបានគេសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "ក្មេងស្រីខ្មែរម្នាក់បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ" នោះត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការដ្ឋានប៉ូលិសជាតិ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 

លោកឧត្តមសេនីយ៍ ជីវ ផល្លី បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចម៉ាឡេស៊ីកំពុងស៊ើបអង្កេតដើម្បីមានចំណាត់ការបន្តលើជនដៃដល់ ។ឯជនរងគ្រោះបន្ទាប់ពីព្យាបាលជាសះស្បើយពីរបួស ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នឹងរៀបចំសម្របសម្រួលឱ្យវិលត្រឡប់មកកម្ពុជាវិញ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បន្តថា ជាទិសដៅនៅពេលដែលនារីរងគ្រោះខាងលើ បានអនុវត្តវិធានចត្តាឡីស័ករួចរាល់ ជំនាញរបស់នាយកដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់នាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការអនុវត្តនីតិវិធីនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

-->
adverise with khmeread