បុរសថៃម្នាក់ត្រូវជនជាតិអាមេរិកសម្លាប់ទាំងកណ្តាលថ្ងៃ ខណៈការវាយប្រហារមកលើជនជាតិអាស៊ីនៅកាលីហ្វ័រញ៉ាមាននិន្នាការកើនឡើង

អគ្គកុងស៊ុលថៃប្រចាំនៅទីក្រុងឡូសអែនជេឡេសបានព្រមានប្រជាជនថៃនៅរដ្ឋកាលីហ្វ័រញ៉ាឱ្យប្រុងប្រយ័ត្នខ្លួនបន្ទាប់ពីបុរសថៃអាយុ ៨៤ ឆ្នាំម្នាក់ត្រូវបានសម្លាប់យ៉ាងឃោរឃៅនៅសង្កាត់អានហ្សាវីស្តានៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

បុរសជនជាតិថៃ ដែលស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកបញ្ចេញឈ្មោះថា Vicha Ratanapakdee អាយុ ៨៤ ឆ្នាំស្ថិតក្នុងចំណោមប្រជាជនអាស៊ីវ័យចំណាស់ចំនួន ៣ នាក់ទៀត ដែលក្លាយជាមុខសញ្ញាវាយប្រហារយ៉ាងសាហាវឃោរឃៅ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ។

ការវាយប្រហារបានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅចិញ្ចើមផ្លូវមួយនៅខាងមុខផ្ទះរបស់គាត់ក្នុងសង្កាត់កណ្តាលក្រុងដ៏មមាញឹក។

យោងតាមវេបសាយ KTVU Fox 2 News បានឱ្យដឹងថា វីដេអូសុវត្ថិភាព ដែលផ្សព្វផ្សាយពាសពេញអ៊ីនធឺណេត បានបង្ហាញ បុរសម្នាក់កំពុងរត់សំដៅទៅរកលោក Vicha ហើយចាប់បោកគាត់ខ្ទប់ដីយ៉ាងសាហាវ មុនពេលងាកមើលចុះឡើងហើយរត់គេចខ្លួនបាត់។

លោក Vicha បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅព្រឹកថ្ងៃសៅរ៍ហើយមិនយូរប៉ុន្មានប៉ូលិសបានចោទប្រកាន់បុរសម្នាក់ឈ្មោះ Antoine Watson អាយុ ១៩ ឆ្នាំពីបទឃាតកម្មនិងមិត្តភក្តិស្រីអាយុ ២០ ឆ្នាំឈ្មោះ Maylasia Goo ជាអ្នកសមគំនិតក្នុងការសម្លាប់នេះ។

ការវាយប្រហារទាំងកណ្តាលថ្ងៃចែសនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសមាជិកសហគមន៍អាស៊ី-អាមេរិកាំងនៅតំបន់ Bay Area នេះ។

កូនប្រសាររបស់លោក Vicha ឈ្មោះ Eric Lawson និយាយថា "ការប្រព្រឹត្តនេះមិនមែនគ្មានចេតនានោះទេ"។ គាត់និងប្រពន្ធរបស់គាត់ឈ្មោះ Kim ជាកូនស្រីរបស់លោក Vicha ជឿថាអ្នកវាយប្រហារបានតម្រង់ដៅមកលើឪពុកគាត់ ពីព្រោះគាត់ជាជនជាតិអាស៊ីវ័យចំណាស់៕ ប្រភព ៖ Bangkok Post

 

-->
adverise with khmeread