រថយន្ត៣គ្រឿងបើកបុកគ្នាបន្តកន្ទុយគ្នារងការខូចខាតនៅស្តុបចំការមន

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងជ្រុលទៅបុកគូទរថយន្ត Lexus LX470 រុញទៅបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងទៀត ខណៈកំពុងឈប់បន្តកន្ទុយគ្នានៅភ្លើងស្តុប កើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២១ នៅចំណុចស្តុបចំការមន ផ្លូវសុធារស កែងផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AN-5658 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើ បានឈប់រង់ចាំភ្លើងស្តុប។

បន្ទាប់មកក៏មានរថយន្តម៉ាក Lexus LX470 មួយគ្រឿងពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2T-8947 ធ្វើដំណើរមកពីក្រោយឈប់បន្តបន្ទាប់គ្នា ខណៈនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8531 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត ស្រវឹងស្រាជោក ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្ត Lexus LX470 ពេញទំហឹងរុញទៅបុករថយន្តឡង់គ្រីស័រ បន្តទៀតបណ្ដាលឱ្យរថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ដោយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត១ ម៉ោង មិនត្រូវគ្នាទើបសមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនដែលបើករថយន្តបង្កទៅប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ ប្រគល់ជូនជំនាញបន្ត។

ចំណែករថយន្តទាំង៣គ្រឿងត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕


 

-->
adverise with khmeread