បុរសជនជាតិបារាំងម្នាក់ដេកស្លាប់ដោយសារគាំងបេះដូង

ភ្នំពេញ ៖ មានករណីជនជាតិបារាំងដេកស្លាប់កើតឡើងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១៥:១៥នាទី នៅចំណុចក្នុងបន្ទប់ជួលជាន់ទី០២ ផ្ទះលេខ២០E២ ផ្លូវលេខ១៤៤ ក្រុម៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា  អត្តសញ្ញាណសពឈ្មោះ GALLAY JEAN CLAUDE LOUIS ជនជាតិបារាំង (Franch) ភេទប្រុស អាយុ៧១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 10CX17941 មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។  

តាមការបំភ្លឺរបស់ពីឈ្មោះ ទឹម សុភ័ក្រ្ក ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកមើលការខុសត្រូវផ្ទះជួលកើតហេតុខាងលើបានឱ្យដឹងថា ជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើស្នាក់នៅតែម្នាក់ឯងរយៈពេល១ឆ្នាំហើយចេញចូលជាធម្មតា។

សាក្សីបន្តថា លុះនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២រសៀល ​អ្នករស់នៅជិតខាងជនរងគ្រោះ បានទូរស័ព្ទមកប្រាប់ខ្ញុំថាពុំឃើញជនរងគ្រោះចុះមកក្រោមទេ ដោយមានការសង្ស័យរហូតដល់ម៉ោង៣ និង១៥នាទីរសៀល ខ្ញុំក៏ទៅរាយការណ៍ប្រាប់សាលាសង្កាត់ ​និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ហើយក៏នាំគ្នាមកមើលក៏គោះទ្វារបន្ទប់ពុំមានការឆ្លើយតប ក៏រុញទ្វារចូលឃើញជនរងគ្រោះដេកស្លាប់នៅលើឥដ្ឋក្បែរមាត់ទ្វារពីខាងក្នុងតែម្តង។ 

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ និងប៉ូលិសប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យប៉ូលិស បច្ចេកទេស,ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​, ប៉ូលិសការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធិផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន បានបញ្ជាក់ថា «បុរសជនជាតិបារាំងស្លាប់ដោយសារគាំងបេះដូង បណ្ដាលមកពីជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម»។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងសមត្ថកិច្ចជំនាញបច្ចេកទេស បានយកសាកសពទៅរក្សាទុកនៅសាលតម្កល់សពមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕


 

-->
adverise with khmeread