បុរសម្នាក់ស្លាប់និងម្នាក់របួសធ្ងន់ធ្ងរក្រោយពីរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីបុករ៉ឺម៉កហើយកិនពីលើ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តក្រុមហ៊ុនស៊ិនទ្រីប្រមូលសំរាម ស៊ិនទ្រីដែលរេចង្កូតបុករ៉ឺម៉កជួសជុលម៉ូតូនៅតាមចិញ្ចើមផ្លូវរុញបុកចូលក្នុងឃ្លាំង បណ្ដាលឱ្យកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចឃ្លាំងទំនេរមួយកន្លែង តាមបណ្ដោយផ្លូវលេខ២១៧ ភូមិតាឡី​ សង្កាត់- ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបើកបរអាប៊ុលមានស្រុកកំណើតនៅភូមិ ចន្លាត់ដៃ ឃុំកំរៀង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកអ្នករងរបួសឈ្មោះ ពន្លឺ ភេទប្រុស អាយុ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ១គ្រឿងពាក់លេខសម្គាល់ 85 ពណ៌លឿងបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ (រត់បាត់) ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ។

ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងមកស្ដាប់ដៃបុកជាមួយរ៉ឺម៉កជួសជុលម៉ូតូនៅតាមចិញ្ចើមផ្លូវ ​រុញជាប់ខ្ទប់បុកចូលក្នុងឃ្លាំងបន្តទៀត បណ្ដាលឱ្យកិនបុរសម្នាក់ស្លាប់ភ្លាមៗនៅក្នុងឃ្លាំង និងម្នាក់ទៀតរបួសធ្ងន់​។ ចំណែកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅហ្នឹងកន្លែងកើតហេតុ។ 

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង និងស្រាវជ្រាវរកសាច់ញាតិ ដើម្បីធ្វើកំណត់ហេតុប្រគល់សពទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត។ 

ចំណែករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងប៉ូលិសជំនាញការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread