ចោរស្រីចរិតប្រុសបានយកកូនកាំបិតភ្ជង់ប្លន់យកទូរស័ព្ទនិងម៉ូតូពីអ្នករត់ម៉ូតូឌុបបានសម្រេច, តែរត់មិនបានសម្រេច

កណ្តាល ៖ ចោរស្រីចរិតប្រុសបានយកកូនកាំបិតភ្ជង់ប្លន់យកទូរស័ព្ទនិងម៉ូតូអ្នករត់ម៉ូតូឌុប កើតឡើង កាលពីថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩ និង២០នាទីព្រឹក នៅចំណុចលើផ្លូវគ្រួសក្រហម ផ្លូវចុះទៅវត្តក្រពើហា ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល តែត្រូវបានម្ចាស់ម៉ូតូស្រែកឱ្យអ្នកស្រុកជួយចាប់ចោរប្រគល់ឱ្យប៉ូលិស។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហឿន អ៊ូច ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុប មានទីលំនៅសព្វថ្ងៃភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យឈ្មោះ ណាក់ រតនា ហៅចាន់នី ភេទស្រី (ចរិកប្រុស) អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ ភូមិជ្រៃ ឃុំជ្រៃ ស្រុកអញ្ចេក៣ ខេត្តបាត់ដំបង។ 

វត្ថុតាងចាប់យក ១.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ឡើងតែម២០១៦ពាកស្លាកលេខ ភ្នំពេញ 1AQ.0342 ចំនួន០១ គ្រឿង, ២.កាំបិតតូចចិតបន្លែ ដងឈើប្រវែង២៣សង់ទីម៉ែត្រ ដងប្រវែង១១សង់ទីម៉ែត្រ ទំហំដង៥សង់ទីម៉ែត្រ ផ្លែពណ៌សប្រវែង១២សង់ទីម៉ែត្រ ទទឹងផ្លែ២សង់ទីម៉ែត្រចំនួន០១។

ប៉ូលិសបន្តថា កន្លងមកជនរងគ្រោះតែងតែមករត់ម៉ូតូឌុប នៅចំណុចផ្លូវបំបែកប្រាំព្យាមផ្លូវជាតិលេខ៦ ជារៀងរាល់ថ្ងៃ ហើយក៏មិនដែលស្គាល់ជនសង្ស័យដែរ។ នៅថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក ជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូចំណុចដែលខ្លួនរត់ឌុបខាងលើ។

ពេលនោះជនសង្ស័យ ឈ្មោះណាក់ រតនា បានជិះផាសស្អាប់មកដល់ ហើយឈប់សួរជនរងគ្រោះថា «ម៉ូតូឌុបមែន?»។ ជនរងគ្រោះឆ្លើយថា «នឹងហើយម៉ូតូឌុប» ហើយជនសង្ស័យបន្តថា «បើអញ្ចឹងឌុបខ្ញុំទៅវត្តក្រពើហា (ហៅវត្តជ្រុងថ្ម) ស្ថិតនៅក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

ភ្លាមនោះជនរងគ្រោះ ក៏បានឌុបជនសង្ស័យចុះតាមច្រកខ្លោងទ្វារវត្តក្រពើហា ជាប់ខាងត្បូងស្ពានលេខ១៩ ឆ្ពោះទៅវត្តនៅទិសខាងលិចបានចម្ងាយពីផ្លូវជាតិប្រហែល៣គីឡូម៉ែត្រ តាមផ្លូវក្រួសក្រហមដល់ចំណុចកើតហេតុ ជនសង្ស័យបានឱ្យជនរងគ្រោះឈប់ម៉ូតូ។ ពេលនោះជនសង្ស័យក៏បានដកកូនកាំបិតចិតបន្លែខាងលើភ្ជុងក ជនរងគ្រោះគំរាមយកទូរស័ព្ទម៉ាក Oppo ចំនួន០១គ្រឿង និងម៉ូតូខាងលើ។

ពេលនោះជនរងគ្រោះបានអង្វរ ជនសង្ស័យថា «សូមទុកជីវិតនិងសុំឱ្យឌុបជូនមកផ្លូវជាតិវិញ ដោយជនរងគ្រោះប្រាប់ទៀតថា «ចាំឱ្យប្រាក់ចំនួន១០ម៉ឺនរៀលបន្ថែមទៀត»។ បន្ទាប់មកជនសង្ស័យបានយល់ព្រម ហើយជនសង្ស័យក៏ឌុបជនរងគ្រោះឡើងមកតាមផ្លូវកៅស៊ូលេខ២៦១។ ពេលមកដល់ផ្លូវជាតិលេខ៦ ចំណុចផ្សារកំពុងប្រាសាទ ឃុំស្វាយអំពារ ពេលនោះជនសង្ស័យបានសួរជនរងគ្រោះថា «ទៅថ្នល់កែងតាមផ្លូវណា?»។

ជនរងគ្រោះឆ្លើយកុហកថា ​«បត់ខាងស្ដាំដៃទៅដល់ហើយ (គោលបំណងរបស់ជនរងគ្រោះមកចំណុចផ្លូវបំបែកប្រាំព្យាម ដែលស្គាល់អ្នករត់ម៉ូតូឌុបដូចគ្នាច្រើនដើម្បីឱ្យគេជួយប៉ុណ្ណោះ។ ពេលនោះជនសង្ស័យ ក៏បើកម៉ូតូតាមការចង្អុលរបស់ជនរងគ្រោះ។ ពេលមកដល់ចំណុចប្រាំព្យាម ជនរងគ្រោះក៏បានលូកដៃកាច់សោម៉ូតូពន្លត់ ហើយលោតចុះពីលើម៉ូតូ ស្រែកហៅឱ្យគេឯងជួយដោយស្រែកថា«ចោរៗ »។ឮដូច្នេះប្រជាពលរដ្ឋ នៅទីនោះក៏បាននាំគ្នាជួយព័ទ្ធចាប់ជនសង្ស័យ រួចក៏យកមកប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកដំបង និងដាក់ពាក្យបណ្ដឹង។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិត ចាក់គំរាម យកម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន»។ 

ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល កសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

-->
adverise with khmeread