បុរសជនជាតិអូស្រ្ដាលីម្នាក់ដេកស្លាប់ដោយសារគាំងបេះដូង

ភ្នំពេញ ៖ ករណីបុរសជនជាតិអូស្រ្ដាលីស្លាប់ដោយសារគាំងបេះដូង កើតឡើងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទីយប់ នៅចំណុចក្នុងផ្ទះជួលជាន់ទី០២ ផ្ទះលេខ៨៦ ផ្លូវលេខ៦៣ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសពឈ្មោះ HAND PAUL GEOFFREY ជនជាតិអូស្ត្រាលី (AUSTRALIA) ភេទប្រុស អាយុ៦១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ PA3940672 មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។  

តាមការបំភ្លឺរបស់ពីឈ្មោះ ង៉ូត សុធីម ភេទស្រី ឆ្នាំកំណើត១៩៨៥ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ដែលត្រូវជាមិត្តស្រីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី០៤ កុម្ភៈ ២០២១ វេលាម៉ោង១០ និង៣០នាទីយប់ នាងខ្ញុំបានចេញទៅក្រៅដើម្បីយកលុយគេនៅម្ដុំភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ស្ត្រី ង៉ូត សុធីម បន្តថា ពេលទៅដល់ទីនោះភ្លាមគាត់ក៏បានទូរសព្ទប្រាប់នាងខ្ញុំថា «គាត់អត់ស្រួលខ្លួន» ហើយខ្ញុំក៏ប្រញាប់ប្រញាល់មកមើលគាត់។ ពេលខ្ញុំមកដល់គាត់មិនទាន់ដាច់ខ្យល់ទេ នាងខ្ញុំ និងម្ចាស់ផ្ទះជួលបានជួយរឹតទ្រូងដើម្បីធ្វើចលនា ​រួចម្ចាស់ផ្ទះបានទូរសព្ទហៅរថយន្តសង្គ្រោះ។ ពេលមកដល់ពេទ្យបានពិនិត្យមើលទៅឃើញថាគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបម្ចាស់ផ្ទះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិផ្សារថ្មីទី៣ដើម្បីចុះពិនិត្យតាមនិតិវិធី។

នាងខ្ញុំនិងជនរងគ្រោះបានរស់នៅជាមួយគ្នាអស់រយៈពេល១០ឆ្នាំកន្លងមកហើយដោយមានកូនស្រីម្នាក់អាយុ៧ឆ្នាំសព្វថ្ងៃរស់នៅប្រទេសអូស្ត្រាលី តែពួកខ្ញុំមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ ហើយកន្លងមកជនរងគ្រោះធ្លាប់បានប្រាប់នាងខ្ញុំថាគាត់មានជំងឺបេះដូង។ 

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់គ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យប៉ូលិសបច្ចេកទេស, ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, ប៉ូលិសការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធិផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យពិនិត្យសពនិងកន្លែងកើតហេតុ។

ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា «ស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីជំងឺបេះដូង»។ 

ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញបច្ចេកទេស បានយកសាកសពទៅរក្សាទុកនៅសាលតម្កល់សពវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕


 

-->
adverise with khmeread