រថយន្តធុនធំ៥ភ្លៅបើកបុក បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមនិងដើមឈើអស់ជាច្រើនដើម

ភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមនិងដើមឈើតូចៗបាក់អស់ជាច្រើនដើម  បន្ទាប់ពីមានរថយន្ដធុនធំ៥ភ្លៅរបស់ក្រុមហ៊ុនស៊ីម៉ងត៍យុថ្កា បុករះកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី៦ ខែកុម្ភៈ ឆ្នាំ២០២១​ ត្រង់ចំណុចខាងត្បូងច្រកចូលវត្តភ្នៀតប្រហែល៥០ម៉ែត្រ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាកDAEWOO ជាប្រភេទរថយន្តធុនធំ (ហៅ៥ភ្លៅ) សណ្តោងរ៉ឺម៉ក ក្បាលពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ 3E-7825 និង រ៉ឺម៉កខាងក្រោយពាក់ស្លាកលេខភ្នំពេញ 4A-6702 ជារបស់ក្រុមហ៊ុនស៊ីម៉ងត៍យុថ្កា។

ប្រភពបន្តថា ដំបូងឡើយគេឃើញរថយន្តបង្កខាងលើបានបើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះទិសដៅពីជើងមកត្បូង, ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេកក៏រេចង្កូតមកខាងឆ្វេងដៃបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមនិងបុករះដើមឈើតូចៗបាក់អស់ជាច្រើនដើមទៀត ហើយរថយន្តវិលក្បាលមកទិសខាងកើតបានរងការខូចខាត បែកកញ្ចក់និងពិតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ។ 

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសដូចករណីគ្រោះថ្នាក់លើកមុខៗនោះទេ។ ភ្លាមៗនោះគេឃើញតៃកុងរថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់តែម្តង។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅកម្លាំងប៉ូលិសជំនាញចរាចរណ៍មកវាស់វែងអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕


 

-->
adverise with khmeread