រថយន្ត Range Rover បើកបុកបាក់បង្គោលភ្លើងបំភ្លឺផ្លូវនិងស្លាកសញ្ញាចរាចរណ៍

ភ្នំពេញ ៖ ស្លាកសញ្ញាចរាចរណ៍បាក់អស់១ដើម និង បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមទៀត  បន្ទាប់ពីមានរថយន្ដ Range Rover បុករះកាលពីវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៦ ​ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្ថានីយ៍ប្រេងតេលា (TELA) អាងទឹកអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាក Range Rover Velar ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាក លេខកម្ពុជា T.R.0110 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ។ ដំបូងឡើយគេឃើញរថយន្តបង្កខាងលើបានបើកតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីត្បូងមកជើងឆ្លងស្តុបអាងទឹកអូឡាំពិកមកផ្លូវលេខ២១៥។

ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេកក៏រេចង្កូតមកខាងស្តាំដៃទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់១ដើម និង បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមទៀត ហើយរថយន្តរងការខូចខាតបែកបាក់កំពិតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ ។ តែក្នុងហេតុការណ៍គ្រោះថ្នាក់នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗគេឃើញតៃកុងរថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅកម្លាំងជំនាញចរាចរណ៍មកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

-->
adverise with khmeread