លោកយាយអាយុ ៩៥ ឆ្នាំត្រូវបានចោទពីបទជួយពួកណាស៊ីសម្លាប់មនុស្សរាប់ម៉ឺននាក់

លោកយាយអាយុ ៩៥ ឆ្នាំម្នាក់ដែលធ្វើការឱ្យមេបញ្ជាការជំរំប្រមូលផ្តុំរបស់ណាស៊ីត្រូវបានចោទប្រកាន់នៅភាគខាងជើងប្រទេសអាល្លឺម៉ង់ពីបទជួយដល់ការធ្វើឃាតមនុស្សទ្រង់ទ្រាយធំ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃសុក្រ។

ស្ត្រីឈ្មោះ Irmgard F និងរស់នៅក្នុងមណ្ឌលថែទាំមួយនៅតំបន់ Pinneberg ក្បែរទីក្រុង Hamburg ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹង "ករណីជាង ១០.០០០"។

លោកយាយគឺជាលេខារបស់មេបញ្ជាការណាស៊ីនៃជំរំ Stutthof ដែលជាជំរំឃោរឃៅមួយនៅក្បែរតំបន់ Gdansk កន្លែងដែលអ្នកទោសប្រមាណ ៦៥.០០០ នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមលោកលើកទី ២ ។

គេមិនទាន់ច្បាស់ទេថាតើលោកយាយនឹងប្រឈមការកាត់ក្តីឬយ៉ាងណា។

តួនាទីរបស់គាត់នៅតែត្រូវបានសិក្សា។

ជំរំ Stutthof ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៩ ដែលជាតំបន់កាន់កាប់របស់ណាស៊ីនៅប៉ូឡូញ ហើយឆ្មាំណាស៊ីបានចាប់ផ្តើមប្រើប្រាស់បន្ទប់ឧស្ម័ននៅទីនោះក្នុងខែមិថុនាឆ្នាំ ១៩៤៤ ។ កងទ័ពសូវៀតបានរំដោះជំរំនេះនៅខែឧសភាឆ្នាំ ១៩៤៥ នៅពេលដែលសង្គ្រាមបានបញ្ចប់។

អ្នកទោសប្រមាណ ១០០.០០០ នាក់ត្រូវបានរក្សាទុកនៅឯជំរំ Stutthof ក្នុងស្ថានភាពដ៏សាហាវដែលភាគច្រើនបានស្លាប់ដោយសារជំងឺនិងភាពអត់ឃ្លាន អ្នកខ្លះត្រូវបានសម្លាប់និងខ្លះទៀតត្រូវបានចាក់ថ្នាំពិសោធន៍យ៉ាងសាហាវ។

ជនរងគ្រោះភាគច្រើនជាជនជាតិជ្វីហ្វ។ នៅទីនោះក៏មានជនជាតិប៉ូឡូញនិងទាហានសូវៀតដែលគេចាប់បានផងដែរ។

តុលាការសម្រាប់អនីតិជននៅ Schleswig-Holstein ឥឡូវនេះត្រូវសម្រេចថាតើរឿងក្តីរបស់អតីតលេខាធិការរូបនេះគួរតែត្រូវបានជំនុំជម្រះឬអត់។ នៅពេលឧក្រិដ្ឋកម្មកើតឡើងពេលនោះ លោកយាយទើបមានអាយុក្រោម ២១ ឆ្នាំដូច្នេះត្រូវបានរាប់ជាអនីតិជន៕ ប្រភព ៖ BBC


 

-->
adverise with khmeread