ឆេះ​ឃ្លាំងស្តុកកាវទាំងស្រុង នៅខណ្ឌកំបូលរបួសមនុស្ស២នាក់ និង រាលដាលផ្ទះ១ល្វែង ខូចខាត៣០ភាគរយ

ភ្នំពេញ ៖ គ្រោះអគ្គីភ័យមួយ បង្កឱ្យឆាបឆេះ​ឃ្លាំងស្តុកកាវ មួយកន្លែង កាលពី នៅវេលាម៉ោង ៨និង៣០នាទីព្រឹក​ ថៃ្ង​សៅរ៍​ទី០៦​ ខែកុម្ភៈ​​ ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ​ ភូមិត្រាចតាបាញ់​ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំ​បូល​ បណ្ដាលឱ្យ ឃ្លាំងស្តុកកាវសង់ពីដែកប្រក់សង្ក័សី​ទំហំ​ ៦ម៉ែត្រ​ គុណនឹង២៥ម៉ែត្រ​ឆេះទាំងស្រុង និងបានឆេះរាល ដល់ផ្ទះថ្មក្រោមឈើ លើរបស់ប្រជាពលរដ្ឋ​ទំហំ​ ៨ម៉ែត្រ​ គុណនឹង៦ម៉ែត្រ​អស់​៣០ភាគរយ​​ ។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា ឃ្លាំងខាងលើ ឆាបឆេះដោយសារ ឆ្លងចរន្តអគ្គិសនី ដោយមានម្ចាស់ឈ្មោះ​ Zhao Keli ភេទស្រី​ អាយុ​ ៤៦ឆ្នាំ​​ ជនជាតិចិន​ និងរបួស​មនុស្ស​ប្រុស​២នាក់ ឈ្មោះ​ Peng Qiuyun ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ ជនជាតិចិន​ មុខរបរ​ បុគ្គលិក​ផ្នែកបញ្ចេញទំនិញនិងឈ្មោះ​ ជ័យ​ ស៊ីធឿន​ ភេទប្រុស​ អាយុ​ ២៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អ្នកបើកររថយន្តដឹកអីវ៉ាន់។

បន្ទាប់ពីទទួលករណីអគ្គីភ័យនេះ សមត្ថកិច្ចបាន បញ្ជូនរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់សរុបជាង១០០ឡាន ហើយពន្លត់ចប់  នៅវេលាម៉ោង ១១និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

-->
adverise with khmeread