បង្ហាញមុខចោរម្នាក់លួចម៉ូតូពីភ្នំពេញទៅលាក់នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ ប៉ូលិសខណ្ឌដង្កោបានបង្ហាញមុខចោរលួចម៉ូតូម្នាក់នាថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានសហការជាមួយប៉ូលិសខេត្តកំពង់ឆ្នាំងចាប់ខ្លួន ក្នុងករណីគាស់ទម្លុះទម្លាយផ្ទះលួចយកម៉ូតូ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹក ត្រង់ចំណុចផ្ទះគ្មានលេខ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
  
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផាន់ សុភាព ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ រស់ ស៊ីថាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពាក់ផ្លាកលេខភ្នំពេញ 1HT-6408 មានលេខតួ 9016739 និងលេខម៉ាស៊ីន 9016855។
   
ប៉ូលិសបន្តថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨យប់ ជនរងគ្រោះឈ្មោះ ផាន់ សុភាព ភេទប្រុស អាយុ២៩ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1HT-6408 ចេញពីរៀនកួរនៅសាលាឯកជននៅម្តុំស្តាតអូឡាំពិក ខណ្ឌបឹងកេងកង ហើយបានវិលត្រឡប់មកផ្ទះស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ពេលមកដល់ផ្ទះជនរងគ្រោះបានទុកម៉ូតូក្នុងផ្ទះចាក់សោទ្វារផ្ទះខាងមុខ និងខ្ទាស់គន្លឹះទ្វារផ្ទះខាងក្រោយត្រឹមត្រូវ រួចក៏ដេកនៅក្នុងផ្ទះនោះដែរដូចធម្មតា។ រហូតដល់វេលាម៉ោង០៦ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះបានក្រោកពីដេកមកមើលម៉ូតូស្រាប់តែបាត់ពីក្នុងផ្ទះ រួចជនរងគ្រោះក៏បានដើរទៅមើលទ្វារផ្ទះខាងក្រោយ បានឃើញទ្វារផ្ទះចំហរ និងឃើញកញ្ចក់ទ្វារផ្ទះ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដោះកញ្ចក់ដាក់បញ្ឈរបង្អែងជញ្ជាំង។ 

បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ហើយសមត្ថកិច្ចក៏បានឆែកមើលជីភីអេស ដែលភ្ជាប់នៅនឹងម៉ូតូម៉ាកខាងលើ របស់ជនរងគ្រោះតាមរយៈទូរស័ព្ទដៃ ជីភីអេសបានបង្ហាញថា «ម៉ូតូម៉ាកខាងលើកំពុងស្ថិតនៅភូមិភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង»។ 

សមត្ថកិច្ចក៏បានទៅសហការជាមួយកម្លាំងប៉ូលិសការិយាល័យកម្រិតស្រាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ រស់ ស៊ីថាត ភេទប្រុស អាយុ២៨ឆ្នាំ រួមជាមួយវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពាក់ផ្លាកលេខភ្នំពេញ 1HT-6408 របស់ជនរងគ្រោះ យកមកធ្វើការសាកសួរនៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំង រួចប៉ូលិសការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំង បានប្រគល់ជនសង្ស័យខាងលើឱ្យប៉ូលិសខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕

-->
adverise with khmeread