លួចទ្រព្យសម្បត្តិក្នុងសាឡង់កាលពីចុងខែមករា, ទើបនឹងចាប់ខ្លួនបាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួនកាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ នៅក្នុងសាឡង់ចតនៅច្រាំងទន្លេ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២១ ម៉ោង៤និង៣០នាទីល្ងាចកន្លងទៅ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សេង សំអាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរសាឡង់ ស្នាក់នៅផ្ទះ៥៤៥ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ សុខ ហៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកសាឡង់ដឹកប្រេងមកទុកនៅចំណុចកើតហេតុរួចដេកនៅលើសាឡង់ ,ស្រាប់តែមានជនសង្ស័យ០៣នាក់ឈ្មោះ សុខ ហៃ, លី និងឈ្មោះ ម៉ាប់ ជិះទូក០១គ្រឿងមកឈប់ក្បែរ រួចនាំគ្នាឡើងសាឡង់លួចយកកូនទូកស្មាច់០១គ្រឿង, ប្រេងម៉ាស៊ូត០៤កាន, ទូរស័ព្ទដៃ០១គ្រឿងម៉ាក Oppo ពណ៌ក្រហម ប្រើលេខស៊ីម ០៩៧៤៣១៧៥៤១ និងកូនសោ០៣ឈុត យកទុកលើទូកពួកវា ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ ពួកវាវាយកញ្ចក់សាឡង់បែកមួយផ្ទាំងរួចបើកទូកគេចខ្លួន។ 

លុះដល់ថ្ងៃទី០៦ កុម្ភៈ ២០២១ ម៉ោង១ និង៣០នាទីរសៀល ជនរងគ្រោះនិងកម្មករឃើញជនសង្ស័យឈ្មោះសុខ ហៃ កំពុងបើកទូកនៅភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក៏ឃាត់ខ្លួនរួមជាមួយទូក០១គ្រឿងជិះធ្វើសកម្មភាព ប្រគល់ឱ្យប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមនីតិវិធី៕

-->
adverise with khmeread