យានយន្ត៤គ្រឿងបើកបុកបន្តបន្ទាប់របួសធ្ងន់បុរសម្នាក់នៅក្រុងបាត់ដំបង

បាត់ដំបង ៖ បុរសអ្នកជិះ​ម៉ូតូ​ម្នាក់បាន​រងរបួស​ធ្ងន់ដោយសារ​រថយន្ត​តូយ៉ូតាព្រូសមួយគ្រឿង បើកបរ​មិន​ប្រយ័ត្នជ្រុល​បុក​ម៉ូតូហើយ​រុញ​ចម្ងាយ​ជាង២០ម៉ែត្របុក​គូទ​រថយន្តមួយគ្រឿង​ទៀត​ចត​​ស្ងៀម​ ដែលគ្រោះថ្នាក់ខាងលើនេះកើត​ឡើងកាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅតាម​បណ្ដោយផ្លូវជាតិ​លេខ​៥ ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​ 

សមត្ថកិច្ចនិយាយថា ដំបូងគេ​ឃើញ​រថយន្ត​ប្រភេទចូក​ទំនិញ​មួយគ្រឿងមិន​ស្គាល់​ម៉ាកបាន​បើកបរ​ចេញពីរោង​ម៉ាស៊ីនកិនស្រូវមួយកន្លែងធ្វើដំណើរ​ឆ្លងផ្លូវ។ ស្របពេលនោះក៏មាន​រថយន្ត​ម៉ាក​តូយ៉ូតាព្រូសមួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខភ្នំពេញ 2BB-2097 បើកបរ​ដោយ​បុរស​ម្នាក់ធ្វើដំណើរ​ក្នុងទិសដៅពី​ខាងលិចទៅខាង​កើតក្នុង​ល្បឿន​លឿន​ល្មម។

ពេលនោះក៏​ជ្រុល​មក​បុក​ពីក្រោយរថយន្ត​ដែល​ប្រុងឆ្លងផ្លូវ ហើយ​បន្ត​ទៅបុក​ម៉ូតូ​នៅខាងមុខ ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១១ ពាក់​ស្លាក​លេខ បាត់ដំបង 1I- 9773 បើកបរ​ដោយ​ឈ្មោះ ឌុ​ច សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង រួច​អូស​ចម្ងាយ​ជាង២០ម៉ែត្រ ទៅបុក​គូទរថយន្តមួយគ្រឿង​ផ្សេងទៀតដែល​ចត​នៅ​ស្ងៀមបណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ។ ចំណែក​រថយន្តនិង​ម៉ូតូ ខូចខាត​យ៉ាងដំណំ​។​

បន្ទាប់ពី​កើតហេតុរថយន្ត​ប្រភេទ​ចូក​លើក​ទំនិញមិនបាន​ឈប់​ទេហើយ​បើក​គេច​បាត់។ ចំណែក​ម្ចាស់​រថយន្ត​តូយ៉ូតាព្រូស បាន​ចុះ​ពី​រថយន្តគេចខ្លួនបាន​។ ដោយឡែក ជនរងគ្រោះ ត្រូវបាន​សាច់ញាតិដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​។

ក្រោយមកសមត្ថកិច្ចបាន​ចុះមក​វាស់វែងនិង​សម្របសម្រួលឱ្យ​ភាគី​រថយន្ដ ដែល​ចត​នៅ​ស្ងៀមដោយ​ម្ចាស់​ព្រម​យកទៅ​ជួសជុល​ដោយ​ខ្លួ​នឯង​។ ចំពោះមធ្យោបាយ​រថយន្ត​ព្រូស និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ចស្ទូច​យកទៅ​រក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

-->
adverise with khmeread