នារីម្នាក់ត្រូវម្ចាស់ម៉ូតូកង់បីដឹកដល់កន្លែងស្ងាត់ រួចដកកាំបិតភ្ជង់ប្លន់យកកាបូបស្ពាយទៅបាត់ នៅសង្កាត់ស្រះចក

ភ្នំពេញ ៖ នារីម្នាក់បានចេញពីធ្វើការរួចហៅម៉ូតូកង់បីជិះត្រឡប់ទៅផ្ទះវិញ​ ត្រូវចោរក្លែងខ្លួនជាម្ចាស់ម៉ូតូកង់បីធ្វើសកម្មភាពដកកាំបិតចុងស្រួចភ្ជុងប្លន់យកកាបូបស្ពាយមានលុយជាង២០០ដុល្លារ បានសម្រេច​ រួចបើករត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ​

អំពើប្លន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០​ និង១០នាទី យប់ថ្ងៃអាទិត្យ ទី៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវ R6​ ជិតផ្លូវរថភ្លើង​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ 

នារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ទាំងទឹកភ្នែកថា​ មុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការនៅច្បារអំពៅ​ ហើយបានហៅម៉ូតូកង់បីជិះគោលបំណងទៅផ្ទះម្ដាយមីងនៅខាងក្រោយមន្ទីរពេទ្យកាលម៉ែត។​ 

ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជាម្ចាស់ម៉ូតូកង់បីយកលេសឈប់បត់ជើងតូច​ រួចហើយក៏បានធ្វើសកម្មភាពដកកាំបិតចុងស្រួចមកភ្ជង់រូបគាត់គំរាមយកកាបូបស្ពាយ​ដែល មានសម្ភារៈមួយចំនួន​និងលុយចំនួន២១០$​ ហើយដេញគាត់ឱ្យចុះពីលើកង់បីរួចបើកគេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ​ ហើយបានដឹកជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក​ ដើម្បីឱ្យនារីរងគ្រោះដាក់ពាក្យបណ្ដឹង​ និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់​៕


 

-->
adverise with khmeread