បើករថយន្តលឿនពេកបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញ២កង់

ភ្នំពេញ ៖ ​យុវជនប្រុសស្រីមួយក្រុមបើក និងជិះរថយន្តព្រូសមួយគ្រឿងលឿនពេកបួងចង្កូតមិនទាន់ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរអស់ចំនួន២កង់ ឯរថយន្តខូចខាតផ្នែកខាងមុខ និងដាច់កង់ម្ខាងទៅមុខលែងរួច។ 

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៣ និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ហៅហ្សាលដឺហ្គោលកែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាមុន ពេលកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីពីរនាក់ទៀតបើករថយន្តតូយូតាមួយគ្រឿង ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2AZ.0771 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូង។

ខណៈមកដល់ស្តុបអូតែលស ក៏បត់មកផ្លូវលេខ២១៧ ហៅផ្លូវហ្សាលដឺហ្គោល ក្នុងល្បឿនលឿនបួងចង្កូតខ្លាំងពេកបម្រុងបុកផ្ទះប្រជាពលរដ្ឋក៏បួងចង្កូតមកវិញក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញទៅផ្លូវម្ខាងអស់ចំនួន២កង់។ ឯរថយន្តរងការខូចខាតផ្នែកខាងមុខនិងដាច់កង់ម្ខាងទៅមុខលែងរួច។បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរ បាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread