ឃាត់ជនសង្ស័យម្នាក់ជាប្អូនយកដែករនាស់វាយបំបែកកញ្ចក់ទ្វារផ្ទះបងបែក២ផ្ទាំង

កណ្តាល ៖ ជនសង្ស័យម្នាក់ជាប្អូនបានយកដែករនាស់វាយបំបែកកញ្ចក់ទ្វារផ្ទះបែក២ផ្ទាំងត្រូវបានជនរងគ្រោះជាបងប្តឹងដល់ប៉ូលិសឱ្យចាប់ខ្លួន នាថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច នៅចំណុចផ្ទះជនរងគ្រោះភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះជាបងឈ្មោះ គឹម តុញ ភេទប្រុស អាយុ៥៧ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ​ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ។ ចំណែកជនសង្ស័យ ជាប្អូនឈ្មោះ គឹម គង្គា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ សម្ភារ:ខូចខាតបែកកញ្ចក់ទ្វារផ្ទះអស់ចំនួន២ផ្ទាំង។ វត្ថុតាងចាប់យករនាស់ដែកដងដែកចំនួន១ប្រវែង១៥០ស.ម។

ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើ ​ពេលជនរងគ្រោះកំពុងតែនៅក្នុងផ្ទះរបស់ខ្លួនជាមួយក្រុមគ្រួសារ, ពេលនោះស្រាប់តែឃើញជនសង្ស័យជាប្អូនដែលនៅផ្ទះបែកគ្នាហើយជាមនុស្សញៀនថ្នាំបានកាន់រនាស់ដើរសំដៅមករក។ ឃើញដូចនោះជនរងគ្រោះនិងក្រុមគ្រួសារបាននាំគ្នារត់ទៅពួននៅក្នុងផ្ទះរបស់ប្អូនម្នាក់ទៀតនៅក្បែរគ្នា។

ដោយមានការភ័យខ្លាចជនសង្ស័យវាយមកលើខ្លួនព្រោះកន្លងមកជនសង្ស័យជាប្អូនរូបនេះធ្លាប់ប្រើអំពើហិង្សាមកលើជនរងគ្រោះទៀតផង ភ្លាមនោះស្រាប់តែជនសង្ស័យបានយករនាស់វាយកញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យបែកអស់ចំនួន២ផ្ទាំង ទើបជនរងគ្រោះរាយការណ៍ជូនសមត្ថកិច្ចចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតវត្ថុតាងបញ្ជូន
បន្តមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

-->
adverise with khmeread