ក្មេងជំទង់អង់គ្លេសម្នាក់ទើបងើបពីសន្លប់បាត់ស្មារតីមួយឆ្នាំ ដោយមិនដឹងថាប្រទេសខ្លួនកំពុងផ្ទុះកូវីដពេញបន្ទុក ហើយខ្លួនឯងឆ្លងកូរ៉ូណាដល់ទៅ២ដង

មេងជំទង់អង់គ្លេសម្នាក់កំពុងដឹងខ្លួនពីសន្លប់សន្សឹមៗជិតមួយឆ្នាំ បន្ទាប់ពីត្រូវបានឡានបុក ហើយគាត់មិនបានដឹងពីការរីករាលដាលវីរុសកូរ៉ូណា សូម្បីតែគាត់ក៏បានឆ្លងមេរោគកូរ៉ូណាចំនួន២ដងដោយអត់បានដឹងថែមទៀតផង។

Joseph Flavill អាយុ១៩ឆ្នាំបានទទួលរងរបួសខួរក្បាល នៅពេលគាត់ត្រូវឡានបុកក្នុងទីក្រុង Burton-on-Trent កាលពីថ្ងៃទី១ មីនាឆ្នាំមុន ប្រហែល៣សប្ដាហ៍មុនពេលការបិទប្រទេសលើកដំបូងត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។

អំឡុងពេលនោះគ្រួសាររបស់គាត់មិនអាចទៅជិតរូបគាត់និងកាន់ដៃរបស់គាត់បានទេ ដោយសារការរឹតបន្តឹងការពារវីរុសកូរ៉ូណា ដែលភាគច្រើនព្យាយាមទាក់ទងជាមួយគាត់តាមវីដេអូ។

មីងរបស់គាត់ឈ្មោះ Sally Flavill បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា "ថ្មីៗនេះ Joseph ចាប់ផ្ដើមបង្ហាញសញ្ញាជាសះស្បើយខ្លះៗ ដែលយើងពិតជារំភើបខ្លាំងណាស់។ យើងដឹងថាគាត់ស្ដាប់ពួកយើងឮ គាត់ក៏អាចឆ្លើយតាមពាក្យបញ្ជាមួយចំនួនតូចដែរ"។

Sally បន្តថា "នៅពេលយើងនិយាយទៅកាន់គាត់ថា Joseph យើងមិនអាចនៅជាមួយគាត់បានទេ ប៉ុន្ដែឯងមានសុវត្ថិភាព ហើយនេះនឹងមិនដូច្នេះជារៀងរហូតទេ។ គាត់យល់ ស្ដាប់ឮ គាត់គ្រាន់តែមិនអាចឆ្លើយតបបាន"។ Joseph អាចឆ្លើយពាក្យថា "បាទ" តាមរយៈព្រិចភ្នែកម្ដងនិងព្រិចភ្នែកពីរដងស្មើនឹង "ទេ"។

ចាប់តាំងពីឧបទ្ទវហេតុរបស់ក្មេងជំទង់នេះមក អង់គ្លេសមានអ្នកឆ្លងកូវីដ១៩ចំនួនជិត៤លាននាក់ និងស្លាប់ចំនួនជាង១១ម៉ឺននាក់៕

-->
adverise with khmeread