របាំងថ្មខ្ទាតពាសពេញផ្លូវដោយសាររថយន្តបុក,ចៃដន្យយុវជនម្នាក់បើកម៉ូតូមកបុកស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូមកបុករបាំងថ្ម ដែលខ្ទាតរាយប៉ាយពាសពេញផ្លូវដោយសារមានរថយន្តបុក បានកើតឡើងកាលពីវេលាម៉ោង ៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខក្រសួងការពារជាតិតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ហង្សមាស សុវណ្ណចេស្ដា ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅក្នុងណេតមួយកន្លែង មានទីលំនៅបច្ចុប្បន្ន នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-6632 (ជិះតែម្នាក់ឯង)។ 

តាមសម្តីប្រជាពលរដ្ឋម្នាក់បានឱ្យដឹងថា ដំបូងគាត់បានឃើញរបាំងថ្មបែងចែកទ្រូងផ្លូវ ចំនួន៣កង់បានខ្ទាតរាយប៉ាយពេញផ្លូវបន្ទាប់ពីមានរថយន្តធុនធំបុក ព្រោះសភាពបុកនេះខ្លាំងរហូតប៉ើងខ្ទាតនិងខ្ទេចផ្ទាំងថ្មថែមទៀត។ ចៃដន្យមេឃកំពុងភ្លៀងផង និងដោយសារការទុករបាំងចោលគ្មានអ្នកអើពើនេះផង ទើបយុវជនដែលជាជនរងគ្រោះ បើកម៉ូតូមកពីទិសខាងកើតជ្រុលមកបុកបោកម៉ូតូដួលបណ្ដាលស្លាប់តែម្ដង។ 

ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងនិងប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅតម្កល់ទុកនៅវត្តតាំងកសាងដើម្បីធ្វើបុណ្យតាមប្រពៃណី៕ 


 

-->
adverise with khmeread