កូនញៀនថ្នាំដល់កម្រិតដុតផ្ទះឪពុកឆេះខ្ទេចខូចខាតប្រហែល១៣ពាន់ដុល្លារ

បាត់ដំបង ៖ បុរសម្នាក់ញៀនថ្នាំដល់កម្រិត បានយកដែកកេះដុតផ្ទះឪពុកបង្កើតឆេះខ្ទេច បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ ​និង​៣០នាទីព្រឹក នៅចំណុចក្រុមទី៣១ភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​។

ប៉ូលិសនិយាយថា បុរសជាជនសង្ស័យឈ្មោះ សឺត សីលា អាយុ ៣០ ​​ឆ្នាំ រស់នៅភូមិឃុំខាងលើបានយកដែកកេះធ្វើសកម្មភាពដុតផ្ទះរបស់ឪពុកខ្លួនឈ្មោះ ពិត សឺត ភេទប្រុស អា​យុ​​៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាល​ឱ្យឆេះផ្ទះមួយខ្នងទំហំ ០៦ម៉ែត្រគុណនឹង០៧ម៉ែត្រ​និងសម្ភារៈទ្រព្យសម្បត្តិបណ្តាលឱ្យឆេះអស់ទាំងស្រុង​ សរុបការខូចខាតជាប្រាក់ប្រមា​ណ​ ១៣,​០០០ ដុល្លាអាមេរិក (មួយម៉ឺនបីពាន់ដុល្លាអាមេរិក)។ 

ប៉ូលិសបន្តថា នៅពេលកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់​ខ្លួនជនសង្ស័យខាងលើ​ ធ្វើការស្រាវជ្រាវ​ចំពោះមូលហេតុដែលនាំដល់ការដុតបំផ្លាញលំនៅដ្ឋាននេះ​។ តែអ្វីដែលជាចម្លើយសារភាពរបស់ជនសង្ស័យនោះគឺ «ដោយសារតែខ្លួនប្រើប្រាស់គ្រឿង​ញៀនច្រើនពេក»។ នៅពេលនេះសមត្ថកិច្ចបានរៀបចំចាត់វិធានការតាមផ្លូវច្បាប់៕

-->
adverise with khmeread