ម៉ូតូ២គ្រឿងបើកបុកគ្នា ខណៈពេលបើកឆ្លងផ្លូវស្លាប់មនុស្សម្នាក់និងរបួសធ្ងន់២នាក់

កំពង់ឆ្នាំង ៖ ម៉ូតូ២គ្រឿងបានបើកបុកគ្នា ខណៈពេលបើកឆ្លងផ្លូវបណ្តាលឱ្យស្លាប់មនុស្សម្នាក់និងរបួសធ្ងន់២នាក់ កើតឡើងនៅថ្ងៃអាទិត្យទី០៧ ខែកុម្ភៈ  ឆ្នាំ២០២១ វេលាម៉ោង៩ និង១៥នាទីយប់ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង- ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-9794 បើកបរដោយឈ្មោះ អៀម ស៊ីម៉ាក់ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយមានអ្នករួមដំណើរ ០១ នាក់ ឈ្មោះ ហ៊ុយ ស្រី ភេទស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរ ដោយបើកបរចេញពីទិសខាងកើត ទៅទិសខាងលិចក្នុងគោលបំណងឆ្លងផ្លូវ។ 

លុះបើកបរមក ក៏បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1J-8954 បើកបរដោយឈ្មោះ ភិន ផល្លី ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរម្នាក់ភេទប្រុស បើកបរពីទិសខាងជើងទៅទិសខាងត្បូង ក្នុងដំណើរខ្វែងទិសគ្នាបណ្ដាលឱ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងរងរបួសមនុស្ស ០២នាក់ធ្ងន់ ខូចខាតម៉ូតូ០២គ្រឿង ធ្ងន់។ 

វត្ថុតាងត្រូវបានបញ្ជូនមករក្សាទុកនៅអធិការដ្ឋានប៉ូលិសក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


 

-->
adverise with khmeread