បង្ហាញមុខជនជាតិចិន២នាក់ជាមួយគ្រឿងញៀនជិត១០គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខ ជនជាតិចិន ០២នាក់នាថ្ងៃទី៨កុម្ភៈ បន្ទាប់ពីបានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួននិងរឹបអូសគ្រឿងញៀនជិត១០គីឡូក្រាម នៅខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

ប៉ូលិសនិយាយថា កម្លាំងប៉ូលិសជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) មានការសម្របសម្រួលពី លោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត (បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់។

ប៉ូលិសបន្តថា ជនសង្ស័យទី១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ចិន (មេក្លោងធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត) និង ២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន។ គ្រឿងញៀនរឹបអូសបាន មេតំហ្វេតាមីន (ICE) សរុប៩ គីឡូក្រាម និង៧៨៣.៧៣ក្រាម។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread