ម៉ូតូនិងម៉ូតូបើកបុកគ្នារបួសធ្ងន់ស្រាល៦នាក់នៅស្រុកបាកាន

ពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ កើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឱ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤ និង ៣០នាទីល្ងាច។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដំបូងគេបានឃើញម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខពោធិ៍សាត់ 1E-2344 បើកបរពីទិសខាងកើតទៅលិចដោយឈ្មោះ ណម សុផាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន(របួសស្រាល) និងអ្នករួមដំណើរជិះពីក្រោយ២នាក់ មាន១-ឈ្មោះ ស៊ន ធាង ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសស្រាល) និង២-ឈ្មោះ ឆាយ គា ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់)។ 

លុះបើកបរដល់ចំណុចកើតហេតុខាងលើក៏បានបុកម៉ូតូម៉ាកហ្សូមម័រអិច ពណ៌ស្វាយពាក់ផ្លាកលេខពោធិ៍សាត់ 1L-6477 ដែលបើកឆ្លងផ្លូវពីទិសខាងជើងទៅត្បូង ដោយឈ្មោះ ប៊ុន វណ្ណហៀប ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នារស្រុកបាកាន (របួសស្រាល) និងអ្នករួមដំណើរជិះពីក្រោយមាន ១-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសស្រាល) និង២-ឈ្មោះ ឈាង ឆាង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន (របួសស្រាល)។ ក្រោយពេលកើតហេតុគេបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យបង្អែកបាកាន។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាបើកល្បឿនលឿន និងមិនប្រុងប្រយ័ត្ន។ វត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល បឹងខ្នារដើម្បីចាត់ការទៅតាមនីតិវិធី៕

-->
adverise with khmeread