ម្តាយស្តីបន្ទោសតិចតួច កូនប្រុសយកភ្លើងដុតផ្ទះឆេះខ្ទេចខ្ទីគ្មានសល់

ពោធិ៍សាត់ ៖ យុវជនម្នាក់ត្រូវបានប៉ូលិសស្រុកកណ្តៀង ឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេចខ្ទី កើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០ នាទីល្ងាច ស្ថិតក្នុងភូមិត្រពាំងថ្មឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ 

សមត្ថកិច្ចនិយាយថា ស្ត្រីរងគ្រោះឈ្មោះ លុយ ស្តើង អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ចំណែកជនសង្ស័យឈ្មោះ ព្រំ លីប ភេទប្រុស ​អាយុ១៨ឆ្នាំ (ត្រូវជាកូនបង្កើត) រស់នៅក្នុងបន្ទុក បានខឹងសម្បារជាមួយម្តាយស្តីបន្ទោសបន្តិចបន្តួចក៏យកភ្លើងដុតផ្ទះខ្លួនឯងឆេះខូចខាតអស់ទាំងស្រុង ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ស្ត្រីរងគ្រោះនិយាយថា «គាត់មានការខកចិត្តយ៉ាងខ្លាំង មិននឹកស្មានមិនដល់ថាកូនរបស់គាត់ហ៊ានធ្វើបែបនេះមិនអាសូរដល់រូបគាត់ដែលមានវ័យចំណាស់ហើយខំបីបាច់ថែរក្សាវាតាំងពីតូចរហូតធំប៉ុណ្ណេះ ដូច្នេះគាត់ក៏ហ៊ានរត់រកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យជាកូនបង្កើតរបស់គាត់ទៅដាក់គុកទើបគាត់អស់ចិត្ត»។ ផ្ទះរបស់គាត់ដែលឆេះខូចខាតមានទំហំ០៣ម៉ែត្រគុណនឹង០៤ម៉ែត្រធ្វើអំពីឈើជញ្ជាំងស្លឹកដំបូលប្រក់ស្លឹកក្រាលក្តារ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះព្រំ លឹប គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះជាម្តាយបង្កើត។ ក្រោយពីទទួលបណ្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកើតហេតុហើយចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានស្រុកកណ្តៀងដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread