នាយកក្រុមហ៊ុន Razer ដកវិនិយោគចេញពីមីយ៉ាន់ម៉ា ព្រោះបារម្ភពីស្ថានភាពវឹកវរ

លោក Lim Kaling សហស្ថាបនិកនិងជានាយកក្រុមហ៊ុនហ្គេម Razer របស់សិង្ហបុរីបាននិយាយកាលពីថ្ងៃអង្គារ (៩ កុម្ភៈ) ថាលោកនឹងដកការវិនិយោគរបស់លោកនៅក្នុងក្រុមហ៊ុនថ្នាំជក់មួយក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធានៅទីនោះបានធ្វើឱ្យលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដល់ប្រព័ន្ធផ្សព្វផ្សាយ លោក Lim និយាយថា លោកនឹងបោះចោលភាគហ៊ុនមួយភាគបីរបស់លោកនៅក្នុងការបណ្តាក់ទុនរួមគ្នា ដែលគ្រប់គ្រងក្រុមហ៊ុន RMH Singapore ដែលជាកម្មសិទ្ធិ ៤៩ ភាគរយលើក្រុមហ៊ុនផលិតបារីមីយ៉ាន់ម៉ា Virginia Tobacco Company។

ពាណិជ្ជកររូបនេះបានបន្ថែមទៀតថា គាត់តែងតែជា "ម្ចាស់ភាគហ៊ុនភាគតិចអកម្ម ដោយមិនមានការចូលរួមដោយផ្ទាល់" នៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន Virginia Tobacco ។

លោក Lim ក៏បានកត់សម្គាល់ផងដែរថា ការវិនិយោគនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការវិនិយោគសល់តែមួយគត់របស់លោកនៅក្នុងប្រទេសនេះ បានចាប់ផ្តើមជិតបីទសវត្សរ៍មុន នៅក្រោមកាលៈទេសៈខុសៗគ្នាយ៉ាងខ្លាំង។

សេចក្តីថ្លែងការណ៍សរសេរទៀតថា "ការបណ្តាក់ទុនរួមគ្នាដែលខ្ញុំបានចាប់ផ្តើមជាមួយមិត្តម្នាក់ក្នុងឆ្នាំ ១៩៩៣ គឺដើម្បីដោះស្រាយឱកាសសេដ្ឋកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះកំពុងបើកចំហទៅកាន់ពិភពលោក។ តាមរយៈការបណ្តាក់ទុននេះ យើងសង្ឃឹមថានឹងជួយប្រទេសនេះជំរុញកំណើនសេដ្ឋកិច្ចបង្កើតការងារនិងលើកកម្ពស់កម្រិតជីវភាព"។

ប៉ុន្តែបន្ទាប់ពីតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ានិងព្រឹត្តិការណ៍ថ្មីៗដែលបណ្តាលឱ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងនោះ គាត់បានសម្រេចចិត្តដកការវិនិយោគហើយកំពុង "ស្វែងរកជម្រើសសម្រាប់ការទទួលខុសត្រូវ" នៃភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន RMH៕ ប្រភព ៖ CNA

-->
adverise with khmeread