បុរសម្នាក់បើកម៉ូតូយ៉ាងលឿនពេកបុក រថយន្តកុងតឺន័រពីក្រោយស្លាប់ចោលប្រពន្ធមានផ្ទៃពោះ៧ខែ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកុងតឺន័រ ពីក្រោយពេញទំហឹង កើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចខាងជើងប្រមាណ៥០ម៉ែត្រពីច្រកចូលបុរីហ្គេនភ្នំពេញ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ អត លីស្រៀង ហៅ (តាក់ ម៉ា) ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន រស់នៅសព្វថ្ងៃក្នុងភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FD-2309ជិះតែម្នាក់ ។ចំណែកឯរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-3779 និងរឺម៉កខាងក្រោយពាក់ស្លាក លេខភ្នំពេញ 4A-4566 អ្នកបើកបររត់បាត់។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តកុងតឺន័របើក អែបខាងស្ដាំដៃ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយទិសដៅពីត្បូងទៅជើង​, ខណៈពេលដែលកំពុងតែអែបក៏ស្រាប់តែមានម៉ូតូរបស់ជនរងគ្រោះបើកមកពីក្រោយតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយស្របទិសគ្នាយ៉ាងលឿនមកបុកចំកាងដែកខាងក្រោយពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះត្រូវចំថ្ងាស់បែកផុងលលាដ៏ក្បាល ស្លាប់ភ្លាមមួយរំពេច។ ចំណែកអ្នកបើករថយន្តកុងតឺន័រ បានបើកទ្វារចុះរត់បាត់តែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅភូមិត្រពាំងស្នោរ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread