ប៉ូលិសវៀតណាមឆ្មក់បង្ក្រាបក្រុមរកស៊ីលក់សាំងក្លែងក្លាយដ៏ធំមួយនៅភាគខាងត្បូងប្រទេស និងរឹបអូសបានកប៉ាល់និងរថយន្តដឹកសាំងជាច្រើនគ្រឿង

ប៉ូលិសនៅខេត្តដុងណៃភាគខាងត្បូងនៃប្រទេសវៀតណាមបានចាប់ខ្លួនសមាជិកក្រុមអ្នករកស៊ីខុសច្បាប់ចំនួន ២៦ នាក់ដែលបានលក់ប្រេងសាំងក្លែងក្លាយនិងអត់ស្ដង់ដារប្រហែល២០០លានលីត្រនៅលើទីផ្សារ។

មន្រ្តីសន្តិសុខបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃអង្គារនេះថាមន្ទីរសន្តិសុខសាធារណៈខេត្តបានចាប់ខ្លួននិងរៀបចំនីតិវិធីច្បាប់ប្រឆាំងនឹងជនសង្ស័យ ២៦ នាក់ពីបទរត់ពន្ធផលិតផលនិងទំនិញក្លែងក្លាយនិងការធ្វើវិក្កយប័ត្រទំនិញខុសច្បាប់។

ប៉ូលិសដុងណៃដោយមានការសម្របសម្រួលជាមួយក្រសួងសន្តិសុខសាធារណៈបានប្រមូលមន្រ្តីចំនួន ៥០០ នាក់ដើម្បីត្រួតពិនិត្យឃ្លាំងស្តុក ស្ថានីយចាក់ប្រេង និងការិយាល័យជាច្រើននៅដុងណៃ, ទីក្រុងហូជីមិញ, ទីក្រុង Can Tho, Vinh Long, Long An និង Vung Tau កាលពីយប់ថ្ងៃសៅរ៍។

ពួកគេក៏ចាប់បានសមាជិកក្រុមជាច្រើនដែលប្រព្រឹត្ដបទល្មើសដោយកំពុងបញ្ជូនសាំងពីកប៉ាល់ពីរគ្រឿងទៅកាន់សាឡង់ជាច្រើនក្នុងខេត្តវីឡុង។

ក្រុមជនសង្ស័យប៉ុនប៉ងរត់គេចខ្លួនតែចុងក្រោយត្រូវបានសមត្ថកិច្ចចាប់បាន។

ប៉ូលិសរឹបអូសបាននាវាចំនួន ២ ដែលមានទំងន់ ១៥០០ តោនក្នុងមួយគ្រឿង, សាឡង់ចំនួន ៥ មានទម្ងន់ ៤០០-១.០០០ តោនក្នុងមួយគ្រឿង, រថយន្ដដឹកប្រេងចំនួន ៦ ផ្ទុកប្រេងសាំងជិត ២,៧ លានលីត្រ, សារធាតុគីមី ៤ ធុងប្រើសំរាប់ដាក់ពណ៌, ប្រាក់ជាង ១០០ ពាន់លានដុង (៤,៣ លានដុល្លារ) និងប្រអប់ឯកសារពាក់ព័ន្ធ១២ប្រអប់៕ ប្រភព ៖ tuoitrenews


 

-->
adverise with khmeread