ទាហានជប៉ុនតេហៅជំនួយទាំងតក់ក្រហល់ ក្រោយពួកគេបើកនាវាមុជទឹកចូលក្រោមកនាវាពាណិជ្ជកម្មចិន បណ្តាលឱ្យខូចអង់តែនវិទ្យុទាក់ទង

នាវិកនាវាមុជទឹកជប៉ុនដ៏អស់សង្ឃឹមបានបង្ខំចិត្តប្រើទូរស័ព្ទចល័តដើម្បីសុំជំនួយ បន្ទាប់ពីពួកគេបើកនាវាពីក្រោមនាវាពាណិជ្ជកម្មរបស់ចិន បណ្តាលឱ្យខ្ទេចអង់តែនវិទ្យុទាក់ទងធំរបស់ពួកគេ។

មន្ត្រីការពារជាតិរបស់ជប៉ុននិយាយកាលពីថ្ងៃចន្ទថា សមាជិកនាវិកនៃនាវាមុជទឹក Soryu របស់កងទ័ពជើងទឹករបស់ជប៉ុនបានរងរបួសបន្តិចបន្តួច ខណៈនាវាមុជទឹកនេះទទួលរងការខូចខាតអង់តែនវិទ្យុមេរបស់ខ្លួនតែម្តង។

កងកម្លាំងការពារសមុទ្របាននិយាយថា នាវាមុជទឹក Soryu កំពុងស្ថិតនៅចម្ងាយប្រហែល ២៧ ម៉ាយល៍ភាគខាងត្បូងនៃកោះ Cape Ashizuri នៃប្រជុំកោះ Shikoku ភាគនិរតីប្រទេសជប៉ុន នៅពេលវាបុកជាមួយនាវាពាណិជ្ជកម្មរបស់ចិន។

ការស៊ើបអង្កេតលើការប៉ះទង្គិចនេះត្រូវបានចាប់ផ្តើមដោយទីភ្នាក់ងារជាច្រើនរួមទាំងកងនាវាចរណ៍ជប៉ុន ដែលកំពុងព្យាយាមទាញសម្មតិកម្មអំពីរបៀបដែលការប៉ះទង្គិចនេះកើតឡើង។

បច្ចុប្បន្ននេះគេមិនទាន់ដឹងច្បាស់ថាហេតុអ្វីបានជានាវាមុជទឹកមើលមិនឃើញវត្តមាននាវាពាណិជ្ជកម្មចិន មុនពេលវាអណ្ដែតឡើងមកលើទឹកដោយប្រើបច្ចេកវិជ្ជាសូណា។

កងទ័ពជើងទឹកមិនបានបញ្ជាក់ពីកប៉ាល់ពាណិជ្ជកម្មចិននោះទេ ប៉ុន្តែទូរទស្សន៍សាធារណៈ NHK បាននិយាយថាវាគឺជានាវាដឹកទំនិញរបស់ក្រុមហ៊ុន Ocean Artemis ដែលចុះបញ្ជីនៅហុងកុង។

នាវានោះបានដឹកជញ្ជូនដែក ៩០.០០០ តោនទៅកាន់ Okayama នៅភាគខាងលិចប្រទេសជប៉ុន បន្ទាប់ពីចាកចេញពីកំពង់ផែ Qingdao របស់ចិនកាលពីថ្ងៃសុក្រសប្តាហ៍មុនជាមួយសមាជិកនាវិកចិន ២១ នាក់៕

-->
adverise with khmeread