ជម្លោះពាក្យសម្ដី រវាងអ្នកបើកឡាននិងអ្នករត់កង់បីបាញ់ប្រហារ៣គ្រាប់ស្លាប់៣នាក់

ភ្នំពេញ ៖ មនុស្ស៣នាក់បានបាត់បង់ជីវិតជាបន្តបន្ទាប់ ដោយសារខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន៣គ្រាប់ កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោ «ពន្លកថ្មី» ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះទី១-ឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី២-ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ និងទី៣-មិនស្គាល់អត្តសញ្ញាណ។ ឯជនបង្កជាអ្នករត់កង់បីនិងបក្ខពួក២នាក់ទៀតបានរត់គេចបាត់។ 

តាមប្រភពពីស្រ្តីម្នាក់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូននៅក្បែរកន្លែងកើតហេតុ។ បន្ទាប់មកឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយរួចស៊ីផ្លេដាក់រថយន្តឱ្យអែប។
 ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីនោះក៏បានបើកចេញទៅបាត់។

ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បីបើកត្រឡប់មកវិញម្ដងទៀត ជាមួយបក្សពួកជិះម៉ូតូជាច្រើនគ្រឿង ហើយជម្លោះសម្ដីបន្ថែមទៀត(ទំនងមិនព្រមចាញ់គ្នា) ​អ្នករត់កង់បីនោះបានស្ទុះយកកាំភ្លើងពីបក្ខពួកបាញ់ជនរងគ្រោះទាំង៣នាក់ ម្នាក់ត្រូវមួយគ្រាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុម្នាក់ និង២នាក់ពេទ្យសង្រ្គោះអស់លទ្ធភាព ក៏ស្លាប់បន្តបន្ទាប់។ ចំណែកខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាចាកចេញពីកន្លែងកើតហេតុ បាត់អស់ទៅ។ 

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបាន ចុះមកដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមជនល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ 

-->
adverise with khmeread