ប្លន់សម្លាប់ក្មេងប្រុសអាយុ១៥ឆ្នាំនៅផ្ទះសំណាក់ «362» ក្រុងតាខ្មៅកម្លាំងអាវុធហត្ថវ៉ៃខ្នោះបាន២នាក់

កណ្ដាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយស្នងការជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្នុងករណីឃាតកម្មគិតទុកជាមុន សម្លាប់ក្មេងប្រុសអាយុ១៥ឆ្នាំ ប្លន់យកទូរស័ព្ទនិងម៉ូតូ ក្រោយពីបានរត់គេចខ្លួនអស់រយៈពេល ១៤ថ្ងៃរួចមក។

មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ករណីឃាតកម្មនេះគិតទុកជាមុន បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ «362» ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអំពើប្លន់សម្លាប់នោះបង្កឡើងដោយជនសង្ស័យ០២នាក់។ ជនសង្ស័យបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី​ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុក្គលិកផ្ទះសំណាក់ (ផ្ទះកើតហេតុ) ដែលមានទីលំនៅបន្ទប់ជួលភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីដដែលបន្តថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខេត្ត និងក្រុងតាខ្មៅ ស្រុកកៀនស្វាយ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថា ធុល ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បន្ទាប់មកបាននាំមកអង្គភាពធ្វើការសាកសួរ និងដកហូតវត្ថុតាងទូរស័ព្ទ ០១គ្រឿង ម៉ាក វីវ៉ូ ពណ៌ខៀវ​ របស់ជនរងគ្រោះ (សព) និងសម្ភារ:ធ្វើសកម្មភាពមួយចំនួន។ នៅថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្ត បានពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ខឹម សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់ស្អាប់ ស្នាក់នៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងដកហូតវត្ថុតាង ម៉ូតូផាសស្អាប់ ០១គ្រឿង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 1GR-2680។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត៕

-->
adverise with khmeread