ក្មេងស្រីរងគ្រោះខ្មែរអាយុ១៤ឆ្នាំ ដែលមេខ្យល់ឆបោកយកទៅប្រទេសចិនបានបញ្ចប់វិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ភ្នំពេញ ៖ ក្មេងស្រីរងគ្រោះជនជាតិខ្មែរម្នាក់អាយុ១៤ឆ្នាំ ដែលត្រូវបានមេខ្យល់ឆបោកយកទៅប្រទេសចិន  ឥឡូវនេះបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ព្រមទាំងបានអនុវត្តវិធាន​ចត្តាឡីស័ករយៈពេល១៤ថ្ងៃ រួចប្រគល់ឱ្យមន្ត្រីជំនាញស្តារនីតិសម្បទា ហើយបញ្ជូនទៅឱ្យឪពុកម្តាយវិញ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានថ្លែងឱ្យដឹងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្មេងស្រីរងគ្រោះជនជាតិខ្មែរម្នាក់ អាយុ១៤ឆ្នាំ ដែលត្រូវបានមេខ្យល់ឆបោកទៅប្រទេសចិន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

លោកឧត្តមសេនីយ៍បន្តថា ក្មេងស្រីរងគ្រោះឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីអនុវត្តវិធានចត្តាឡីស័ករយ:ពេល១៤ថ្ងៃរួចមក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយអង្គការសម្ព័ន្ធចាប់ដៃ បាននាំយកជនរងគ្រោះមកនាយកដ្ឋានដើម្បីធ្វើការសម្ភាសន៍ ស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដើម្បីឈានដល់ការនាំខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ក្មេងស្រីខាងលើត្រូវបានប្រគល់ជូនទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីស្ដារនីតិសម្បទា បញ្ជូនទៅជូនក្រុមគ្រួសារសាច់ញាតិនៅសហគមន៍វិញ។

សូមរម្លឹកថា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ ប៉ូលិសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីប៉ូលិសខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកឈ្មោះ អូនវីនស្រឡាញ់ ម៉ាក់ប៉ា ដែលត្រូវបានជនសង្ស័យជាមេខ្យល់ឆបោកនាំទៅប្រទេសចិនរយៈពេល ៤ ខែកន្លងមកហើយ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិម្ចាស់គណនីហ្វេសប៊ុកខាងលើមានឈ្មោះ ឯល ណារី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជនកំពុងបម្រើការងារនៅកាស៊ីណូមួយកន្លែង នៅទីក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកម្ចាស់គណនីហ្វេសប៊ុកខាងលើនោះ។ 

តាមរយៈការទំនាក់ទំនងតាមទូរសព្ទ បុរសជាឪពុកបានបញ្ជាក់ថា «កូនស្រីរបស់គាត់មានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល៤ខែកន្លងមកហើយ រូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋានប៉ូលិសខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥  ខែធ្នូ ឆ្នាំ២០២០ ស្នើសុំឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ដោះស្រាយ»។

លោកឧត្តមសេនីយ៍ ជីវ ផល្លី បញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០កន្លងទៅថា ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមកស្នាក់ការនគរបាលនៅខេត្តហឺណាន ប្រទេសចិនដើម្បីចាត់ការបន្ត។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ទៀតថា មន្ត្រីជំនាញរបស់នាយកដ្ឋាន បាននិងកំពុងធ្វើការទំនាក់ទំនងសម្របសម្រួលផ្តល់ព័ត៌មានខាងលើទៅឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ដើម្បីធ្វើការបន្តជាមួយស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីឈានដល់ការសម្របសម្រួលជាមួយអាជ្ញាធរចិនរៀបចំបែបបទបញ្ជូនក្មេងស្រីរងគ្រោះខាងលើឱ្យវិលត្រឡប់មកកម្ពុជាវិញ៕

-->
adverise with khmeread