ឃាត់បុរសស្បែកខ្មៅ២នាក់ប្រើល្បិចឆបោកស្ត្រីខ្មែរយកលុយជាថ្នូរកាដូពីបរទេស

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងតែបង្ក្រាបករណីឆបោកឱ្យផ្ញើលុយតាមវីង និងឆបោកតាមវិធីផ្សេងៗ បានជាហូរហែរ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីចៀសវាងជនល្មើសយកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀតបាន ប៉ុន្តែទោះបីជាមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅតែមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរទាំងនេះដដែល។ 

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឱ្យបងប្អូនប្រជាពលរដ្ឋតោងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការៈដែលនៅសុខៗ មកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំបងប្អូនធ្លាក់ទៅក្នុងការខាតបង់។

មន្ត្រីអាវុធហត្ថនិយាយថា នៅប៉ុន្មានថ្ងៃមកនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាប ករណីឆបោកឱ្យផ្ញើលុយតាមវីង ០២ករណីជាបន្តបន្ទាប់គ្នា ដោយឃាត់ខ្លួនជនល្មើសជាជនជាតិស្បែកខ្មៅ០២នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។

ករណីទី១-កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួននិងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ នូវជនឆបោកឱ្យផ្ញើលុយតាមវីង ជាជនជាតិនីហ្សេរីយ៉ាម្នាក់ ឈ្មោះ OKEKE IKECHUKWU អាយុ៣៩ឆ្នាំ បន្ទាប់ពីគេនិងគូកន បានរៀបគម្រោងបោកប្រាស់ជនរងគ្រោះម្នាក់ ភេទស្រី អាយ៣៤ឆ្នាំ តាមរយៈហ្វេសប៊ុកសុំរាប់អានគ្នា រហូតបោកឱ្យជនរងគ្រោះផ្ញើលុយទៅពួកគេជាបន្តបន្ទាប់សរុបចំនួន ២២០០ ដុល្លារ។ 

ករណីទី២-នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ BANGHA CALESTUS NYODEH  ហៅ JOE អាយុ៣១ឆ្នាំ ជនជាតិកាម៉េរ៉ូន មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។

ជនសង្ស័យខាងលើនេះ បានបោកប្រាស់ទៅលើជនរងគ្រោះ ដោយរៀបគម្រោងទាក់ទងរកស៊ីនាំរថយន្តពីអាមេរិក យកមកលក់ក្នុងស្រុកខ្មែរ ហើយតម្រូវឱ្យជនរងគ្រោះ កក់ប្រាក់ចំនួន៥០០០០ដុល្លារអាមេរិក តែជនរងគ្រោះកក់ខ្លួនតែ ២០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ បន្ទាប់ពីទទួលប្រាក់ពីជនរងគ្រោះរួច ពួកខ្លួនបានចែកបា្រក់គ្នាហើយក៏បែកផ្លូវគ្នារៀងៗខ្លួន និងបានបិទទូរស័ព្ទផ្តាច់ការទាក់ទងជាមួយជនរងគ្រោះ រហូតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។

ពាក់ព័ន្ធករណីដូចខាងលើមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាជាថ្មីម្តងទៀត ដល់មហាជនទូទៅ សូមមានការប្រយ័ត្ន ចំពោះល្បិចកល ជនខិលខូចទាំងនេះឱ្យបានខ្ពស់ កុំមានចិត្តលោភលន់ ចង់បានផលប្រយោជន៍ណាមួយ ដែលបានមកដោយស្រួលគ្មានប្រភព ច្បាស់លាស់ ព្រោះវាសុទ្ធតែជាអន្ទាក់ ដែលនាំអ្នកទៅរកការខាតបង់ទាំងអស់៕

-->
adverise with khmeread