បីថ្ងៃប៉ូលិសស្រុកត្រាំកក់បង្ក្រាបពួកចោរប្លន់យកម៉ូតូបាន៥នាក់

តាកែវ ៖ រយៈពេល៣ថ្ងៃគិតពីថ្ងៃទី១០ដល់១២​ កុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងប៉ូលិសជំនាញស្រុកត្រាំកក់ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការប៉ូលិសខេត្តតាកែវ  និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាប្លន់៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស កាប់ប្លន់ម៉ូតូ។  

ប៉ូលិសនិយាយថា កាលពី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង៤០នាទីយប់ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានយាយឡ ស្ថិតនៅក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់មានករណីលួចមានស្ថានទម្ងន់ទោសមួយ កាប់ប្លន់យកម៉ូតូ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ ០២ គ្រឿងប្រដាប់ដោយដាវបានស្ទាក់កាប់ទៅលើជនរងគ្រោះ០២នាក់ឱ្យរបួស ខណៈពេលដែលជនរងគ្រោះធ្វើដំណើរតាមផ្លូវត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូននៅផ្សារបាំង្កសី។

ប៉ូលិសបន្តថា ពួកចោរបានប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ឡើងតែម ឆ្នាំ២០២០ បិតស្គុតស ពាក់ស្លាកលេខភ្នំពេញ 1BL.0155 ហើយបានគេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះទី១-ឈ្មោះ ស៊ឹម ថេម ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិខ្នាចរមាស ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ត្រូវរបួសដៃឆ្វេងនិងខ្នងពីក្រោយ និងទី២- ឈ្មោះ ហួន តុល ភេទប្រុស អាយុ៣១ ឆ្នាំនៅភូមិ ឃុំជាមួយគ្នា រងរបួសត្រង់ស្មាឆ្វេង។ 

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ូលិសជំនាញបានចុះប្រតិបត្តការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងប៉ូលិសជំនាញបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស ប៊ុននី ភេទប្រុស អាយុ១៩ឆ្នាំ នៅឃុំតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។

ក្រោយពីសាកសួររួចថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ កម្លាំងប៉ូលិសជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤ នាក់បន្ថែមទៀតរួមមាន ទី១-ឈ្មោះ យន់ វឌ្ឍនា ហៅរ៉ា ភេទប្រុសអាយុ ១៥ឆ្នាំ នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់, ទី២-ឈ្មោះ ង៉ែត សុខសំបូរ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់, ទី៣-ឈ្មោះ អៀង សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ និងទី៤-ឈ្មោះ ផល ថុលសុណៃទ្រី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់។

វត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន ០៤គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿងម៉ាក Dream C125 ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ 1BL.0155 ត្រូវបានប្រគល់ជូនជនរងគ្រោះ។  

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ត្រូវបានកម្លាំងប៉ូលិសជំនាញសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread