ចង់គិតអីក៏ស្រីៗដឹងដែរ! ការសិក្សាមួយរកឃើញថា "មនុស្សស្រីមើលចិត្តមនុស្សធ្លុះ"

យោងតាមការសិក្សាមួយបានបង្ហាញថាស្ត្រីជាច្រើនជឿថាពួកគេអាចមើលចិត្តមនុស្សធ្លុះជាងបុរសៗ។

មនុស្សជិត ៣.០០០ នាក់នៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានឆ្លើយសំណួរចំនួន ៤ អំពីរបៀបដែលពួកគេវាយតម្លៃសមត្ថភាពរបស់ពួកគេក្នុងការយល់ពីអ្វីដែលអ្នកដទៃកំពុងគិត។

ហើយស្ត្រីទទួលបានពិន្ទុប្រសើរជាងបុរសជាប្រចាំ ជាមធ្យម ១២,៦/១៦ ទល់នឹង ១២,១ ។

លោកស្រី Rachel Clutterbuck សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Bath បាននិយាយថា "ការងារនេះមានសក្តានុពលដ៏អស្ចារ្យដើម្បីយល់កាន់តែច្បាស់ពីបទពិសោធន៍ជីវិតរបស់មនុស្សដែលមានការលំបាកក្នុងការមើលចិត្តបំផុតដូចជា អ្នកកើតជំងឺ Autism ជាដើម"។

ការរកឃើញនេះក៏ដូចជាការធ្វើតេស្ដត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី Psychological Assessment។

លោកវេជ្ជបណ្ឌិត Punit Shah មកពីផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យ Bath បាននិយាយថា "វិធីជាច្រើនដែលយើងប្រាស្រ័យទាក់ទងពឹងផ្អែកលើការយល់ដឹងរបស់យើងអំពីអ្វីដែលអ្នកដទៃកំពុងគិត ប៉ុន្តែនេះគឺជាដំណើរការស្មុគស្មាញគួរឱ្យភ្ញាក់ផ្អើលមួយដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន"។

"ដើម្បីយល់ពីដំណើរការផ្លូវចិត្តនេះ យើងចាំបាច់ត្រូវបែងចែកឱ្យច្បាស់ពីការមើលចិត្តមនុស្ស និងការយល់ចិត្ត។ ការមើលចិត្តមនុស្សសំដៅទៅលើការយល់ដឹងពីអ្វីដែលមនុស្សផ្សេងទៀតកំពុងគិត ចំណែកឯការយល់ចិត្តគឺអំពីការយល់ដឹងពីអារម្មណ៍របស់អ្នកដទៃ។ ភាពខុសគ្នានេះមើលទៅដូចជាមិនច្បាស់ទេ ប៉ុន្តែវាសំខាន់ណាស់ហើយពាក់ព័ន្ធនឹងបណ្តាញខួរក្បាលខុសគ្នាខ្លាំង"។

"ដោយផ្ដោតអារម្មណ៍ប្រុងប្រយ័ត្នលើការវាស់ស្ទង់ការមើលចិត្តមនុស្ស ដោយមិនច្រឡំវាទៅនឹងការយល់ចិត្ត យើងត្រូវមានទំនុកចិត្តថា យើងមានសមត្ថភាពអាចមើលចិត្តមនុស្ស។ នៅពេលធ្វើដូច្នេះ យើងបានរកឃើញថាស្ដ្រីមានសមត្ថភាពអាចមើលចិត្តមនុស្សធ្លុះជាងបុរសឆ្ងាយណាស់"៕ ប្រភព ៖ Daily Mail

-->
adverise with khmeread