បុរសម្នាក់កំពុងឆាតតាមទូរស័ព្ទទៅមនុស្សម្នាក់សុខៗ ស្រាប់តែផឹកថ្នាំសម្លាប់ខ្លួន

កណ្តាល ៖ បុរសម្នាក់បន្ទាប់ពីឆាតតាមទូរស័ព្ទទៅមនុស្សម្នាក់មិនស្គាល់ឈ្មោះ ខណៈកំពុងផឹកស្រាបៀរជាមួយមិត្តភក្តិមួយក្រុមរួចមក ក៏ហាក់មានកំហឹងហើយស្រាប់តែផឹកថ្នាំសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកើតឡើង នាថ្ងៃសុក្រទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៦ និង៣០នាទីព្រលប់ នៅចំណុចភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជា មករា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបំភ្លឺរបសឈ្មោះ ទិត្យ រ៉ាវីភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោង៩ និង៣០នាទីព្រឹក ជនរងគ្រោះ និងខ្លួន រួមទាំងមិត្តភក្តិសរុប០៥នាក់ (ប្រុស) ​បានផឹកស៊ីជាមួយគ្នាដោយបានផឹកស្រាបៀរ។ ពេលកំពុងផឹកជនរងគ្រោះបានឆាតទូរស័ព្ទចុះឡើង (មិនដឹងឆាតជាមួយអ្នកណាទេ) ​រួចជនរងគ្រោះ បានបោកទូរស័ព្ទបែកខ្ទេចហើយនិយាយដដែលៗថា «ខ្លួនថ្ងៃនេះ...» រួចនិយាយបន្តថា «ចង់កាប់មនុស្ស បើមិនមានគេស្លាប់គឺជនរងគ្រោះស្លាប់ដែរ»។

បន្ទាប់ពីឃើញជនរងគ្រោះមានអាការៈស្រវឹងស្រាឈ្មោះ ទិត្យ រ៉ាវី បានជិះម៉ូតូឌុបជូន ជនរងគ្រោះមកដល់ផ្ទះ រួចបានទៅផ្ទះវិញ។ លុះដល់ម៉ោង ១៨.២០ នាទីព្រលប់ ឈ្មោះ វ៉ាត  វិឆ្ឆ័យ ភេទប្រុស អាយុ២២ឆ្នាំ (ខ្មែរ) ទីលំនៅភូមិឃុំជាមួយគ្នា បានឱ្យដឹងថា ​ពេលគាត់កំពុងផឹកស៊ីជាមួយមិត្តភក្តិនៅខាងមុខផ្ទះខ្លួន ពេលនោះខ្លួនបានឃើញជនរងគ្រោះ ដើរមកដល់មុខផ្ទះ ហើយជនរងគ្រោះបាននិយាយថា «បានលេបថ្នាំហើយ»។

ពេលនិយាយចប់ភ្លាម ស្រាប់តែឃើញជនរងគ្រោះបានដួលនៅដី  ឃើញដូចនោះឈ្មោះ វ៉ាត វិឆ្ឆ័យ បានទៅលើកជនរងគ្រោះ និងបានជិះម៉ូតូឌុបជូនមកផ្ទះ​។ ពេលមកដល់ផ្ទះក្រុមគ្រួសារជនរងគ្រោះ បានពឹងឱ្យឌុបជូនទៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយរួមនឹងក្រុមគ្រួសារ ពេលទៅដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យទៅឃើញថា «ជនរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ»។  

បន្ទាប់មកក៍បានរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគគីរ ភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ ដោយសហការជាមួយសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក គ្រូពេទ្យ អាជ្ញាធរភូមិឃុំ ធ្វើការពិនិត្យ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យថា ​«ជនរងគ្រោះស្លាប់ដោយសារអត្តឃាត (លេបថ្នាំ) សម្លាប់ខ្លួនឯង»។ សាកសពត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread