បុរសម្នាក់ធ្លាប់យកទៅមណ្ឌលអប់រំកែប្រែ៤លើកបានស្លាប់បន្ទាប់ពីរត់ទៅបុកជញ្ជាំងផ្ទះគេ

ភ្នំពេញ ៖ បុរសម្នាក់ដែលធ្លាប់ញៀនថ្នាំហើយក្រុមគ្រួសារបានយកទៅមណ្ឌលអប់រំកែប្រែ៤ លើកមកហើយនោះ ​បានធ្វើសកម្មភាពទាញស្ត្រីម្នាក់ និងកូនតូចធ្លាក់ពីលើម៉ូតូកង់បី (Pass App) រងរបួសត្រូវបានអ្នកស្រុកដេញចាប់ ហើយបុរសនោះរត់ទៅបុកជញ្ជាំងផ្ទះគេដួលសន្លប់ រួចបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ លី ហួរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប៉ូលិសបន្តថា កន្លងមកជនរងគ្រោះ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និង ធ្លាប់យកទៅដាក់នៅមណ្ឌលអប់រំកែប្រែចំនួន០៤ដងហើយ។ លុះដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩យប់ ឈ្មោះ យ៉េន វិមានរស្មី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅភូមិមិត្តភាព សង្កាត់ព្រែកឯង បានជិះម៉ូតូកង់បី (Pass App) ចេញពីផ្សារអ៊ីអន១ជាមួយកូនតូច ក្នុងគោលបំណងមកផ្ទះ។

ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានទាញឈ្មោះ យ៉េន វិមានរស្មី ធ្លាក់ពីកង់បី និងកូនមកនៅលើផ្លូវ ហើយចាប់បោកលើផ្លូវត្រូវបានប្រជាពលរដ្ឋចាប់ចេញ រួចឈ្មោះ យ៉េន វិមានរស្មី ក៏រត់ចូលផ្ទះបាត់។ លុះដល់ម៉ោង៩និង១០នាទីយប់ថ្ងៃដដែល ជនរងគ្រោះ បានរត់ទៅបុកទ្វារផ្ទះស័ង្កសី ឈ្មោះ សៀង ហៃ រួចក៏ដេកននៀលនៅលើផ្លូវ។ មួយសន្ទុះក្រោយមកសមត្ថកិច្ចមកដល់ក៏ហៅរថយន្តសង្រ្គោះរួចគ្រូពេទ្យប្រាប់ថា «ជនរងគ្រោះបានស្លាប់បាត់ហើយ»។

នៅទីតាំងកើតហេតុ ប៉ូលិសរកឃើញសម្ភារៈបន្សល់ទុកនៅកន្លែងកើតហេតុរួមមានម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខ រ-២៦៣៧ ភព បែកកញ្ចក់ចំហៀងខាងស្តាំ ឈ្នាន់វៀច ។បើតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ​គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញថា ​«ស្លាប់ដោយសារប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ»។ បច្ចុប្បន្នសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread