កាមរី (បាឡែន) ព្រលះជាមួយហាយឡេនឌ័ររបួសធ្ងន់ស្រាល៧នាក់ចំថ្ងៃចូលឆ្នាំចិនទីមួយ

រតនគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកាមរី (បាឡែន) ​និងរថយន្តហាយឡេនឌ័របុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្សប្រុសស្រី៧នាក់រងរបួសធ្ងន់ស្រាល កើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៧៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨៦-២៧៨ ស្ថិតក្នុងភូមិកាទៀង (ហៅអូរទទឹង) ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកលំផាត់បានបញ្ជាក់ថា រថយន្តម៉ាកកាមរី (បាឡែន) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-​4421 ធ្វើដំណើរពីត្បូងទៅជើង។ ចំណែករថយន្តហាយឡេនឌ័រពណ៌សរធ្វើដំណើរពីជើងទៅត្បូងក្នុងទិសដៅបញ្រ្ចាស់គ្នា មានស្លាកលេខភ្នំពេញ 2AF-8810 លុះមកដល់ចំណុចកើតហេតុខាងលើក៏បុកគ្នាពេញទំហឹងតែម្តង។ 

របាយការណ៍បន្តថា អ្នកបើកបររថយន្តកាមរីឈ្មោះ សាន់ សំអាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីប៉ូលិស រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានអ្នករួមដំណើរម្នាក់របួសធ្ងន់។ ចំណែករថយន្តហាយឡេនឌ័របើកបរដោយឈ្មោះ ហៀង ម៉េងសៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មានអ្នករួមដំណើរច១០នាក់ (ស្រី៥នាក់) បានរងរបួសស្រាល៦នាក់។

របាយការណ៍បញ្ជាក់ទៀតថា ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋានប៉ូលិសខេត្តដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាងបន្ទាប់ពីកម្លាំងជំនាញធ្វើការវាស់វែងរួចបាន បញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកលំផាត់ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕

-->
adverise with khmeread