ភ្លើងឆេះផ្ទះ២ខ្នងនៅក្រុងបាត់ដំបងចំថ្ងៃចូលឆ្នាំចិន មិនទាន់ដឹងមូលហេតុ

បាត់ដំបង ៖​ មានករណីអគិ្គភ័យមួយកើតឡើង បណ្តាលឱ្យឆេះផ្ទះ២ខ្នងបង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃសុក្រទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣រសៀល នៅត្រង់ចំណុចផ្ទះលេខ ២២៣ ក្រុមទី១២ ភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះដែលឆេះពីដំបូងឈ្មោះ ញឹក សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ ហើយផ្ទះនេះបានជួលឱ្យឈ្មោះ វុធ សាវើយ ភេទស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅក្រុមទី១០ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំ​បង ដាក់លក់ខោអាវ។

ខណៈមានករណីអគ្គិភ័យកើតឡើង​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការប៉ូលិស​ខេត្តបាត់ដំបង​ បានបញ្ជាឱ្យកម្លាំងជំនាញនាំរថយន្តអគ្គិភ័យចំនួន០៣គ្រឿង ចេញ​អន្តរាគមន៍ជួយពន្លត់ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន ​និងប្រជាពលរដ្ឋផង ទើបគ្រប់គ្រងស្ថានការណ៍នេះមិនឱ្យបង្ករាល​ដាលដល់លំនៅដ្ឋានជិតខាងនោះទៀត។ 

ប៉ូលិសបន្តថា គ្រោះអគ្គិភ័យនេះបណ្តាលឱ្យខូចខាតសម្ភារៈ ផ្ទះចំនួន០២ខ្នងរួមមាន ១-ផ្ទះថ្មកម្ពស់ ០១ ជាន់ ទំហំ ០៤ម៉ែត្រ​គុណនឹង២០ម៉ែត្រ​និង ២ -ផ្ទះ ០១ខ្នង ទំហំ ០៤ម៉ែត្រ​គុណនឹង១២ម៉ែត្រ​ (ផ្ទះទាម) ជញ្ជាំងឥដ្ឋ ដំបូលស័ង្កសី ខូចខាតប្រមាណ ៣០ភាគរយ, សម្ភារៈខូចខាតគិតជាប្រាក់ប្រមាណជាង២៥​,០០០ដុល្លារ។ ចំពោះមូលហេតុដែលនាំបង្កឱ្យកើតអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ៕


 

-->
adverise with khmeread