ម្ចាស់បំណុលម្នាក់តុបតែងខ្លួនជា "ទេវតាសំណាង"​ ដើរគោះទ្វារកូនបំណុលតាមផ្ទះក្នុងឱកាសចូលឆ្នាំចិន

នៅពេលដែលទេវតាសំណាងចុះមកគោះទ្វារ មនុស្សភាគច្រើននឹងមិនស្ទាក់ស្ទើរក្នុងការស្វាគមន៍ព្រះនោះទេ។

នោះហើយជាអ្វីដែលក្រុមហ៊ុនប្រមូលបំណុលមួយបានធ្វើ ដោយផ្តល់សំណាងមួយចំនួនដល់កូនបំណុល ដែលពួកគេបានទៅលេងដល់ផ្ទះនៅរដូវបុណ្យចូលឆ្នាំចិននេះ។

ក្រុមហ៊ុន Fast Debt Recovery Specialist Pte Ltd នៅសិង្ហបុរីនិយាយកាលពីថ្ងៃសៅរ៍ថា កាន់នៅនឹងដៃជាមួយថង់សំណាង បុគ្គលិកម្នាក់បានស្លៀកពាក់ជាទេវតាសំណាងដើរគោះទ្វារផ្ទះអ្នកស្រុកជាច្រើនដើម្បីផ្តល់សំណាង និង មិនទាមទារសងប្រាក់ថ្ងៃចូលឆ្នាំទេ។

ថង់សំណាងដែលព្យួរនៅបង្កាន់ដៃទ្វារក៏រួមបញ្ចូលនូវអ្វីដែលអាចជួយស្តារជោគវាសនារបស់កូនបំណុលផងដែរ គឺ សន្លឹកឆ្នោត TOTO មួយ និង ឆ្នោត 4D មួយ ញាត់ក្នុងអាំងប៉ាវ។

ហើយប្រសិនបើពួកគេមានសំណាង ពួកគេនឹងអាចក្លាយជាអ្នកមានមួយរំពេចជាមួយទឹកលុយឈ្នះរង្វាន់ ៨ លានដុល្លារអាមេរិក នៅក្នុងការចាប់ឆ្នោត Hong Bao។

តាមប្រពៃណីចិន ការសងបំណុលមុនពេលចូលឆ្នាំថ្មីក៏ឆ្លុះបញ្ចាំងពីបំណងប្រាថ្នាសម្រាប់ការចាប់ផ្តើមល្អប្រសើរផងដែរ។

យោងតាមក្រុមហ៊ុនខាងលើ នេះមិនមែនជាលើកទីមួយទេដែលពួកគេបានចែកថង់សំណាងទាំងនេះក្នុងឱកាសបុណ្យចូលឆ្នាំចិន ប៉ុន្តែការតុបតែងជាទេវតាសំណាងគឺជាការច្នៃប្រឌិតថ្មីឆ្នាំនេះ។

ការដែលមានទេវតាសំណាងមកសួរសុខទុក្ខល្អជាងមានមនុស្សមកគោះទ្វារសួរថា "ថ្ងៃណាសងលុយ?"៕ ប្រភព ៖ Asiaone

-->
adverise with khmeread