ក្មួយយកដំបងសំពងលើឪពុកមារបួសធ្ងន់ត្រូវបានប៉ូលិសវ៉ៃខ្នោះ

បាត់ដំបង ​៖​ មានករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ ប្រើប្រាស់ដំបង បង្កឡើង​ដោយក្មួយបង្កើតបានប្រើដំបងវាយសំពងទៅឪពុកមារបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នាថ្ងៃ​ទី១២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលាម៉ោង៧យប់​ នៅចំណុចតាពេក ក្រុមទី៥ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិការប៉ូលិស​ស្រុកបាណន់​  បានឱ្យដឹងថា​ ក្មួយប្រុសជាជនដៃដល់ឈ្មោះ​ ស៊ឹម រ៉ាវី ហៅ វ៉ិត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅចំណុចតាពេក ក្រុមទី៥ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ បានប្រើប្រាស់ដំបងវាយទៅលើមារបស់ខ្លួនឈ្មោះ យី ស ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា​ (ផ្ទះក្បែរគ្នា) បណ្ដាលឱ្យរបួសជាទម្ងន់​ ដោយមូលហេតុ​ជនល្មើសខឹងនឹងឈ្មោះ យី ស ជាឪពុកមាស្ដីបន្ទោសរឿងរើជជុះសម្លៀកបំពាក់នៅផ្ទះរបស់ខ្លួន ខណៈពេលឱ្យក្មួយ (ជនល្មើស) ចាំផ្ទះឱ្យខ្លួន។ 

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពពីរ។ ចំណែកឯជនសង្ស័យ បានរត់គេចខ្លួនទៅឡើងបង្គោលបណ្ដាញខ្សែភ្លើង​ ដែលនាំចរន្តអគ្គិសនីទៅរោងចក្រស៊ីម៉ងត៍ភ្នំដូនមាយ​ ហើយសមត្ថកិច្ចបានរិះរកវិធីឱ្យជនល្មើសចុះមកវិញដើម្បីចាប់ខ្លួន។​ 

លុះដល់វេលាម៉ោង១០ និង៥០នាទីយប់​ នៅថ្ងៃដដែលជនសង្ស័យត្រូវប៉ូលិសស្រុកចាប់ខ្លួនក្រោយចុះពីបង្គោលភ្លើងមកវិញ​ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread