ចោរលួចរថយន្តកូនប្រុស «ឯកឧត្តម» ពីភ្នំពេញ, ត្រូវបានប៉ូលិសខេត្តកំពង់ចាមវ៉ៃខ្នោះ

កំពង់ចាម ៖ មានករណីចោរកម្មលួចរថយន្ដកូនប្រុសរបស់ «ឯកឧត្តម» មួយគ្រឿងកើតឡើង នាវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅភ្នំពេញ ហើយបើកគេចទៅខេត្តកំពង់ចាមត្រូវបានលោកឧត្ដមសេនីយ៍ស្នងការ ចាត់បញ្ជាឱ្យកម្លាំងប៉ូលិសចម្រុះ ឃាត់លើអត្ដសញ្ញាណរថយន្ដដែលបានបាត់នោះនិងជនសង្ស័យម្នាក់បានភ្លាមៗ។ 

សមត្ថកិច្ចនិយាយថា រថយន្តដែលចោរលួច ម៉ាក BMW X5 ពណ៌ស ពាក់ស្លាកលេខ 2AQ-1944 និងឯកសារពាក់ព័ន្ធលួចចេញពីភ្នំពេញឆ្ពោះឆ្លងកាត់មកខេត្តកំពង់ចាម ភ្លាមនោះ លោកឧត្ដមសេនីយ៍ស្នងការ បានចាត់បញ្ជាឱ្យកម្លាំងប៉ូលិសអន្តរាគមន៍ កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌ កម្លាំងប៉ូលិសជំនាញចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងប៉ូលិសស្រុក កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ចេញប្រតិបត្តិការ ពិនិត្យ និងឃាត់លើអត្ដសញ្ញាណរថយន្ដដែលបានបាត់នោះ។

រហូតដល់វេលាម៉ោង១២ និង៣០នាទី កម្លាំងប៉ូលិសចរាចរណ៍ផ្លូវគោក និងកម្លាំងប៉ូលិសស្រុកបាធាយ ដែលកំពុងឈរជើងនៅចំណុចគោលដៅភូមិបាធាយ ស្រុកបាធាយ ក៏ប្រទះឃើញរថយន្តមានអត្ដសញ្ញាណដូចខាងលើ ដោយបើកបរក្នុងល្បឿនលឿនមិនបានឈប់តាមបញ្ជារបស់មន្រ្តីចរាចរណ៍ ហើយកម្លាំងប៉ូលិសជំនាញបានដេញតាមរហូតមកដល់ចំណុចភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ត្រូវបានកម្លាំងប៉ូលិសជំនាញឃាត់រថយន្ដបាន០១គ្រឿង (រថយន្តមានអត្តសញ្ញាណខាងលើ) និងជនសង្ស័យម្នាក់ឈ្មោះ មេត សុខណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។

ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង សាន សុភៈ សមត្ថកិច្ចបាននាំយកជនសង្ស័យ និងរថយន្ដមកកាន់អធិការដ្ឋានប៉ូលិសស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ដោយក្នុងនោះកម្លាំងប៉ូលិសជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងប៉ូលិសជំនាញការិយាល័យគ្រឿងញៀន បានសាកសួរ និងពិនិត្យរកសារធាតុញៀនផងដែរ៕


 

-->
adverise with khmeread