អគ្គីភ័យឆេះនៅភោជនីយដ្ឋានកុងទ័រនឺម្ដុំដីស ប៉ោយប៉ែត ខូចខាតសម្ភារៈមួយចំនួន

បន្ទាយមានជ័យ ៖ មានករណីគ្រោះ អគ្គីភ័យមួយបានកើតឡើងនៅចំណុចភោជនីយដ្ឋានកុងទ័រនឺម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងប៉ូលិសក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសនីយ៍ឯក សៅ សារឿន អធិការក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន២០នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចុះជួយធ្វើអន្តរាគមន៍ពន្លត់អគ្គីភ័យ។

បើយោងតាមការបំភ្លឺពីឈ្មោះ ហេង ស្រ៊េង​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ អ្នកគ្រប់គ្រងទីតាំងកន្លែងកើតហេតុបានឱ្យដឹងថា អគ្គីភ័យបង្កឡើងដោយសារទុស្សេខ្សែភ្លើងបណ្ដាលឱ្យឆេះបន្ទប់ចំនួន០១ មានទំហំ០៣ម៉ែត្រគុណនឹង០៥ម៉ែត្រ​ និងសម្ភារ:ប្រើប្រាស់មួយចំនួនរួមមាន ១-ម៉ាស៊ីនត្រជាក់​ចំនួន០១គ្រឿង, ២- អាំភ្លី និងប៉ាសចំនួន០១ឈុត, ៣-សាឡុង​ចំនួន០១ឈុត​ និង៤- កង្ហារចំនួន០២គ្រឿង។

សមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿងនិងបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ ហើយបានពន្លត់អគ្គីភ័យទាំងស្រុងនៅវេលាម៉ោង០៩ព្រឹកថ្ងៃខែឆ្នាំដដែល៕

-->
adverise with khmeread